(កំពង់ធំ)៖ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បន្ទាប់ពីបានឃើញសកម្មភាព ដ៏មមាញឹក ក្នុងការងារមនុស្សធម៌ របស់លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចូលរួមចំណែកក្នុងការងារមនុស្សធម៌ ដោយបានជួយឧបត្ថម្ភអង្ករ៤តោន ដើម្បីបន្តការងារមនុស្សធម៌បន្តទៀតនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

លោក សាយ វាសនា ព្រះរាជអាជ្ញារង និងលោក ដួង សារ៉ន តំណាងលោក ស៊ិន វិរៈ បាននាំយកអង្ករ៤តោន មកប្រគល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋទីទ័លក្រ និងអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន រួមនិងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសម្ដែងនូវទឹកចិត្តរំភើបរីករាយយ៉ាងក្រៃលែង ចំពោះអំណោយមនុស្សធម៌របស់លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងប្ដេជ្ញាចិត្តនាំយកនូវអង្ករដែលជាអំណោយមនុស្សធម៌ទាំងនេះ យកទៅផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ និងបងប្អូនអតីតតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តកំពង់ធំ ជាបន្តទៅទៀត៕