(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងក្រុមគ្រួសារ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពឪពុករបស់លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដែលទទួលមរណភាព នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ៧៧ឆ្នាំ វេលាម៉ោង៣៖០៦នាទីទៀបភ្លឺ ដោយជរាពាធ។
នៅក្នុងសាររំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ បានរៀបរាប់ថា៖ «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំជាទីបំផុតចំពោះមរណភាព ឧបាសក ជ្រុន គឹមជ្រា ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃច័ន្ទ ១៤កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៣៖០៦នាទីទៀបភ្លឺ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយជរាពាធ»។
ប្រធានព្រឹទ្ធសភា បានបង្ហាញក្តីអាឡោះអាល័យថា «ក្នុងវេលាប្រកបដោយទុក្ខសោកនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងស្រណោះអាឡោះអាល័យជាមួយ ឯកឧត្តមនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ព្រោះថាការបាត់បង់ឧបាសក ជ្រុន គឹមជ្រា គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួតប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។ រូបកាយរបស់ ឧបាសក ជ្រុន គឹមជ្រា បាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់ទុកនូវអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ ភាពតស៊ូ អំណត់ព្យាយាម នៅស្ថិតជាប់ក្នុងមនោសញ្ចេតនាឧបាសិកាជាភរិយា បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍»។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថា «ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ជ្រុន គឹមជ្រា បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ»។
បច្ចុប្បន្នសពកំពុងតម្កល់ ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសានានៅអាសយដ្ឋាន ក្នុងបុរីណតប៊្រីដ ផ្ទះលេខ ០៤៤ ផ្លូវ 2B1 ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕