(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន MK International ប្រទេសណ័រវេ ផលិតខ្សែវីដេអូជាស៊េរីស្តីអំពី ផ្នែកអប់រំប្រកបដោយការកំសាន្តជូនប្រជាជនកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ដោយគ្រោងវិនិយោគទឹកប្រាក់ចំនួន ១,៨០០,០០០ដុល្លារ សំរាប់ការផលិតកម្មវិធីអប់រំនេះ ដែលគ្រោងចាប់ផ្តើមចន្លោះពីឆ្នាំ២០២១ ដល់ ២០២៣។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា បានធ្វើឡើងនៅក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ម៉ារី ខេ អ៊ីវជេន អ៊ុលសុន ស្ថាបនិក និងជានាយកក្រុមហ៊ុន MK International និងដោយមានអ្នកពាក់ព័ន្ធចូលរួមជាច្រើនទៀតផងដែរ។

លោក សុខ ថា ប្រធាននាយកដ្ឋានព័ត៌មាន និងបច្ចេកវិទ្យា នៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការចុះហត្ថលេខាលើអនុសារណាយោគយល់គ្នានេះ ដើម្បីអភិវឌ្ឍលើមាតិការអប់រំផលិត និងចែកចាយខ្សែវីដេអូ មានចំនួនសរុប ៧២ខ្សែ ក្នុងទំរង់ផ្តល់ការកំសាន្តក្នុងរយៈពេល៣ឆ្នាំបន្តបន្ទាប់ ចន្លោះពីឆ្នាំ២០២១ ដល់ ២០២៣។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង បានឱ្យដឹងដែរថា «យើងមានសេចក្តីសោមនស្សរីករាយ នឹងចាប់ដៃគូជាមួយនឹងក្រុមហ៊ុន MKI ប្រទេសណ័រវេ ដែលជាក្រុមហ៊ុន ជំនាញផ្នែកផ្សព្វផ្សាយ បានមកវិនិយោគក្នុងការផលិតកម្ម វិធីវីដេអូដ៏សំបូរបែប និងផ្តល់ជាចំនេះដឹងក្នុងការរៀនសូត្រលើប្រធានបទផ្សេងៗជាច្រើន ដើម្បីជួយកាត់បន្ថយ អារម្មណ៍តានតឹងដោយមិនដឹងខ្លួន»

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង បានបន្ថែមថា ក្រុមហ៊ុន MKI ប្រទេសណ័រវេ ទទួលសិទ្ធផលិតកម្មវិធីវីដេអូអប់រំប្រកបដោយការកំសាន្ត ក្នុងរយៈពេលបីឆ្នាំ ដើម្បីលើកកំពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជាទូទៅ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ មិនថាអ្នកដែលមានឱកាស ឬមិនមានឱកាសក្នុងការសិក្សាពីសាលារដ្ឋ ឬបណ្តាសាលាឯកជននានានៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។

លោកស្រី ម៉ារី ខេ អ៊ីវជេន អ៊ុលសុន បានឱ្យដឹងដែរថា ខ្សែវីដេអូអប់រំនេះមានគោលបំណងជំរុញការចង់ចេះ ចង់ដឹងរបស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទូទៅ។ គំរោងការ អប់រំផ្តោតសំខាន់ទៅលើប្រធានបទផ្សេងៗដូចជា សុខភាព អាហាររូបត្ថម្ភ វិទ្យាសាស្ត្រធម្មជាតិ បច្ចេកវិទ្យា សេដ្ឋកិច្ច ហិរញ្ញវត្ថុ វិទ្យាសាស្រ្តសុខាភិបាល ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត និងអរិយធម៌ដ៏យូរលង់របស់មនុស្សជាតិមានដូចជា ទស្សនៈវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា និងវប្បធម៌ផ្សេងៗ ក្នុងពិភពលោកមានដូចជា អក្សរសាស្រ្ត ដូរ្យដន្ត្រី សិល្បៈ និងភាពយន្ត។

លោកស្រី បានបន្ថែមថា កម្មវិធីដែលផលិតបាននិងផ្តល់ជូនដោយឥតគិតថ្លៃតាមបណ្តាញផ្សព្វផ្សាយសង្គមដូចជា ហ្វេសប៊ុក យូធូប និងកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិក ត្រូនិករបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានអ្នកទស្សនាជាងបីលាននាក់។ ក្រុមហ៊ុនវីងដែលជាក្រុមហ៊ុនឈានមុខគេខាងផ្តល់សេវាបង់ប្រាក់ ផ្ទេរប្រាក់តាម ប្រព័ន្ធអេឡិកត្រូនិកក្នុងប្រទេសកម្ពុជា ជាអ្នកចូលរួមសហការណ៍ឧបត្ថម្ភក្នុងគំរោងខាងលើនេះ។

គំរោងការដប់ឆ្នាំក្នុងការផលិតកម្មវិធីទាំងនេះ គឺជាក្តីស្រម៉ៃផ្ទាល់របស់លោកស្រីចំពោះប្រទេសកម្ពុជា ដែលមានចំណាប់អារម្មណ៍តាំងពីឆ្នាំ២០០៨ នៅពេលដែលគាត់ បានមកប្រទេសកម្ពុជាជាលើកដំបូង ក្នុងតួនាទីជាអ្នកផ្តល់យោបល់ឱ្យមជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជាក្នុងរយៈពេលខ្លី។ ចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ លោកស្រី និងក្រុមការងារបានផលិតឯកសារខ្នាតវែង «Total Brokenness» ដែលបង្ហាញពីការរំលោភបំពានលើកុមារ និងខ្សែរវីដេអូជាស៊េរី «Women in Their 40s» ដែលផ្សព្វផ្សាយលើប្រព័ន្ធទូរទស្សន៍ NHK ប្រទេសជប៉ុន និង Asia Media Corp ប្រទេសសាំងហ្គាពួរផដែរ៕