(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃ២៩ ខែធ្នូ ឆ្នាំ ២០២០នេះ បានទទួលសម្ភារបរិក្ខារវេជ្ជសាស្ត្រ សម្រាប់ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ នូវម៉ាសវះកាត់ចំនួន២០,០០០ ដែលជាអំណោយរបស់ក្រុមហ៊ុន Minebea (Cambodia) Co.,Ltd។
ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាល ដែលមានការអញ្ជើញចូលរួមពីលោក គេ នីស៊ីហារ៉ា អគ្គនាយករងក្រុមហ៊ុន Minebea (Cambodia) Co.,Ltd។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានសម្ដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Minebea (Cambodia) Co.,Ltd ដែលជាកាយវិការត្រូវបានចងចាំទុក ដោយប្រជាជនកម្ពុជា ជាពិសេសអ្នកជំងឺផ្ទាល់។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងផ្ដល់ជំនួយជាបន្ដបន្ទាប់ទៀត ដើម្បីកម្ពុជាជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ ឱ្យបានកាន់តែឆាប់រហ័ស។
ជាការឆ្លើយតប លោក គេ នីស៊ីហារ៉ា បានថ្លែងថា ក្រុមហ៊ុន Minebea នឹងបន្ដផ្ដល់នូវម៉ាស និងចូលរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
លោកថ្លែងបន្ដថា «ក្រុមហ៊ុនយើងខ្ញុំ សូមចូលរួមចំណែករំលែកការលំបាកជាមួយគ្នា ដែលកំពុងស្ថិតក្នុងស្ថានភាពពិបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយយើងបន់ស្រន់ សូមឱ្យអ្នកកំពុងព្យាបាលជំងឺទាំងអស់ ឆាប់ជាសះស្បើយឆាប់ៗ»។
លើសពីនោះ សម្រាប់ម៉ាសចំនួន២ម៉ឺននេះ គឺជាម៉ាសដែលមានគុណភាពខ្ពស់ និងផលិតនៅប្រទេសជប៉ុនផ្ទាល់តែម្ដង ដើម្បីចែកជូនដល់ក្រសួងសុខាភិបាល ប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩។ទន្ទឹមនឹងនោះ លោកក៏សូមថ្លែងអំណរគុណដល់ក្រសួងសុខាភិបាលកម្ពុជា តែងតែផ្ដល់នូវវិធានការ ក៏ដូចជាយន្ដការដើម្បីការពារ ទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩។
សូមជម្រាបថា គិតមកត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦០នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៤នាក់។ សម្រាប់អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វិញ រកឃើញវិជ្ជមានចំនួន ៤១នាក់ ក្នុងនោះបានជាសះស្បើយ៣៨នាក់ និង៣នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ៕