(បាត់ដំបង)៖ នគរបាលខេត្តបាត់ដំបង បានបើកប្រតិបត្តិការចុះបង្រ្កាបគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ទម្ងន់៥គីឡូក្រាម និងឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់។
ប្រតិបត្តិការនេះ បានធ្វើឡើងនាវេលម៉ោង១៖៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាត ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលពីនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។
ក្រោយទទួលបានបទបញ្ជាភ្លាមៗ លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន បានដឹកនាំមន្រ្តីការិយាល័យ ជំនាញបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី នៅក្នុងក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនសង័្សយចំនួន ០៣នាក់ ក្នុងបទល្មើសជាក់ស្តែង និងដកហូតបានគ្រឿងញៀនទម្ងន់៥គីឡូក្រាម។
មេក្លោងគ្រឿងញៀនទាំង ៣នាក់ខាងលើរួមមានទី១៖ ឈ្មោះ ទូច សារុំ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិដើមជ្រៃ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ, ទី២៖ ឈ្មោះ សន សារ៉ាត ហៅហើម ហៅរម្យ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដើមកូវ ឃុំ ក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី៣៖ ឈ្មោះ ហ៊ាង ហូយ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួន ០៥ថង់ មានទម្ងន់០៥គីឡូក្រាម និងទូរស័ព្ទដៃចំនួន០១គ្រឿង។
បច្ចុប្បន្ននេះ កម្លាំងការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕