(ពោធិ៍សាត់)៖ អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន២ខ្នង ស្ថិតនៅតាមខ្នងប្រឡាយក្នុងភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានរលត់ទៅវិញហើយ នៅវេលាម៉ោង៣៖២០នាទី រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ភ្នាក់ងារ Fresh Newsថា ផ្ទះដែលត្រូវភ្លើងឆេះទាំងស្រុង មានចំនួន២ខ្នង របស់ជនរងគ្រោះទី១-អ៊ុង សុវណ្ណ ភេទប្រុស អាយុ៦៨ឆ្នាំ មានតួនាទីជាអ្នកសារព័ត៌មានសុជីវធម៌ និងទី២-ឈ្មោះ អៀង ស្រីណៃ ភេទស្រី អាយុ២៥ឆ្នាំ ជាប្រជាពលរដ្ឋជួលផ្ទះគេស្នាក់នៅ រយៈពេល២ឆ្នាំមកហើយ។

សមត្ថកិច្ចឲ្យដឹងថា ផ្ទះលោក អ៊ុង សុវណ្ណ ទ្រព្យសម្បត្តិដែលខូចខាត រួមមានលុយខ្មែរ ៣លានរៀល លុយដុល្លារ៩០០$ , មាស២ជី និងសម្ភារប្រើប្រាស់ ដែលមានក្នុងផ្ទះទាំងអស់។ ចំណែកផ្ទះឈ្មោះ អៀង ស្រីណៃ សម្ភារដែលខូចខាតរួមមាន ម៉ូតូសង់កូរ៉េ ០១គ្រឿង ទូរទឹកកក ០១គ្រឿង ទូរទស្សន៍ ០១គ្រឿង ទូដាក់ខោអាវ៣គ្រឿង និងរបស់ប្រើប្រាស់មួយចំនួន។ ផ្ទះដែលរងការខូចខាតគឺសង់អំពីឈើប្រក់ស័ង្គសី ជញ្ជាំងក្តារលាយស្លឹក មានទំហំ ៥x៦ម៉ែត្រដូចៗគ្នា។

សាក្សីបានឲ្យដឹងថា នៅវេលាម៉ោងដូចខាងលើ គេឃើញភ្លើងចាប់ផ្តើមឆេះចេញពីផ្ទះ អៀង ស្រីណៃ ដោយមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅទៅហើយ មួយសន្ទុះក្រោយមកក៏រាលដល់ផ្ទះ អ៊ុង សុវណ្ណ។ ភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត បានទៅបាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត ទើបពន្លត់បាន។ តាមការសន្និដ្ឋានជំហានដំបូង អគ្គិភ័យនេះ កើតឡើងបណ្តាលមកពីទុស្សេរចរន្តអគ្គិសនី៕