(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានលើកឡើងថា ចាប់ពីថ្ងៃនេះតទៅ កម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយ ក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោក ហើយការក្លាយខ្លួន ជាប្រទេសផលិតប្រេងនេះ គឺកូនខ្មែរសម័យតេជោ គួរមានមោទនភាព។
ការលើកឡើងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ស៊ុយ សែម ធ្វើឡើងក្នុងសារលិខិតអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី នៃនយោបាយឈ្នះឈ្នះ គឺការទទួលបានដំណក់ប្រេងលើកដំបូង។
លោក ស៊ុយ សែម បានលើកឡើងថា «ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានថ្ងៃនេះ ជាលទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃជោគជ័យ របស់ជាតិកម្ពុជាទាំងមូល ដែលយើងខ្ញុំព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស បានទន្ទឹមរង់ចាំជាច្រើនជំនាន់មកហើយ។ ថ្ងៃនេះកម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយដែរ ក្នុងចំណោមប្រទេសមួយចំនួនតូច ក្នុងពិភពលោកដែលកូនខ្មែរសម័យតេជោ គួរមានមោទនភាព»។
លោកបានបន្តថា ក្ដីស្រមៃជាយូរមកហើយបានក្លាយជាការពិត ក៏អាស្រ័យដោយសន្តិភាពយូរអង្វែង ដែលសម្ដេចតេជោបានកសាង និងថែរក្សាដោយយកជីវិតជាដើមទុន លើសពីនេះទៅទៀតការដឹកនាំដ៏ភ្លឺស្វាងបានផ្តល់នូវទំនុកចិត្ត សម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការដាក់ទុនដ៏សន្ធឹកសន្ធាប់ និងជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកលើកឡើងទៀតថា ទោះជាវិស័យប្រេងកាត ដែលត្រូវការវិនិយោគខ្ពស់ហើយ ត្រូវប្រឈមហានិភ័យខ្ពស់ដូចគ្នា ក៏តួអង្គទាំងឡាយនៅក្នុងជោគជ័យថ្ងៃនេះ នៅតែជម្នះបានដោយក្ដីជឿជាក់ក្នុងចិត្ត និងក្នុងការដឹកនាំរបស់សម្ដេចតេជោ។ ដំណក់ប្រេងដំបូងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោក ដ៏លំបាកគំរាមកំហែង ដោយមេរោគរាតត្បាត កូវីដ-១៩ គឺជាសក្ខីភាពនៃការខំប្រឹងប្រែងអំណត់ព្យាយាម និងពុះពារលុះត្រាសម្រេចបានរបស់រាជរដ្ឋាភិបាល និងវិនិយោគិន ដែលគួរឲ្យកោតស្ញប់ស្ញែងបំផុត។
សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្របពេលចំថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចបានប្រកាសពីជោគជ័យ នៃការទទួលបានដំណក់ប្រេងលើកដំបូងរបស់ខ្មែរ។ នៅពេលនេះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។
សម្តេចតេជោ ក៏បានលើឡើងពីប្រវត្តិនៃកិច្ចព្រមព្រៀងប្រេងកាតដំបូងរបស់កម្ពុជា ដោយត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy)។
សម្ព័ន្ធក្រុមហ៊ុននេះ ដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ២០១០ ក្រុមហ៊ុន Chevron បានប្រកាសរកឃើញជម្រករ៉ែប្រេង មានលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍ និងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ តាមផែនការនោះផលិតកម្មប្រេងដំបូង គ្រោងចាប់ផ្តើមនៅអំឡុងខែធ្នូ ឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធ និងផែនការអភិវឌ្ឍ និងអាជីវកម្មស្នើ ឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចារ កែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាព ជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌ កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ច ពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការ ផលិតប្រេងនៅខែធ្នូ២០១២ ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។
ការចរចារកិច្ចព្រមព្រៀងប្រេងកាត ក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាល និងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយ ពេលយ៉ាងយូរតាំងពីឆ្នាំ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍ និងអាជីវកម្មអណ្តូងប្រេងថ្មី ដែលបើកផ្លូវឲ្យដំណើរការសាងសង់ និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេង អាចចាប់ផ្តើមបាន។
ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗ និងសំខាន់ៗ ដែលបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុក A សម្រាប់ដំណើរការផលិតកម្មជារួមមាន៖
* ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាង នៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។
* កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែកញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងតម្លើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា ២០២០។
អណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ២០២០នេះ។ ក្រៅពីនេះមានអណ្តូងប្រេងចំនួនពីរទៀត ក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។ ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីចាត់ទុកថា នេះជាការចាប់ផ្ដើមមួយជំហានដំបូង ដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗរួមមាន៖ ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិ នៅក្នុងវិស័យនេះ។ ការរកឃើញ និងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។
សម្តេចសង្កត់ធ្ងន់ថា ចូលឆ្នាំសកលថ្មី២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយ ដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៏ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូង ក្នុងទឹកដីយើង។ ឆ្នាំថ្មី សមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា ចាប់ពីដើមឆ្នាំ២០២១តទៅ៕