(ភ្នំពេញ)៖ នាវាចំនួន ៣គ្រឿង និងកងទ័ពជើងទឹករបស់ចិន ៧៣៧នាក់ នឹងធ្វើដំណើរមកដល់កម្ពុជា ហើយចូលចតនៅកំពង់ផែខេត្ត ព្រះសីហនុនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីចូលរួមធ្វើលំហាត់សមយុទ្ធផ្នែកមនុស្សធម៌ ជាមួយកងទ័ពជើងទឹកកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការពារជាតិកម្ពុជា។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់ Fresh News នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ដំណើរមកដល់របស់នាវា និងកងទ័ពជើងទឹកចិន នឹងអញ្ជើញទទួលស្វាគមន៍ដោយផ្ទាល់ ពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានឲ្យដឹងទៀតថា នាវា និងកងទ័ពជើងទឹកចិន នឹងមកសំចតនៅកម្ពុជារយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។
បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អំឡុងពេលសំចតនៅកម្ពុជានេះ កងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកចិន និងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា លើវិញ្ញាសារមួយចំនួន ផ្នែកសង្រ្គោះបន្ទាន់ទាំងនៅលើទឹក និងនៅលើគោក នៅតំបន់សមុទ្រខេត្តព្រះសីហនុ ក្នុង ចន្លោះកោះតាង កោះរ៉ុងសន្លឹម និង កោះឬស្សី នៅថ្ងៃទី២៤ ខែកុម្ភៈ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានហៅការមកដល់របស់នាវា និងកងទ័ពជើងទឹកចិននេះថា គឺជាការពង្រីក និងពង្រឹងបន្ថែមលើវិស័យការពារជាតិ រវាងកងទ័ពកម្ពុជា និងកងទ័ពចិន។
សូមរំលឹកផងដែរថា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ នាវាស្វ័យការពារជើងទឹកជប៉ុន រួមជាមួយកងម៉ារីនជាង ៦០០នាក់ ដែលក្នុងនោះ ជាង ១០០នាក់ជាសិក្ខាកាម បានចូលមកចត នៅកំពង់ផែរបស់កម្ពុជាផងដែរ ដើម្បីបំពេញទស្សនកិច្ច និងដកស្រង់បទពិសោធន៍មួយចំនួន ពីកងទ័ពកម្ពុជា៕