(ភ្នំពេញ)៖ អ្នកគ្រូ នាង ផល្លា ដែលបានចំណាយពេលតស៊ូអំណត់ ដើម្បីបង្រៀនកុមារពិការនៅអង្គការគ្រួសារថ្មីអស់ជាច្រើនឆ្នាំមកនោះ ត្រូវបានរដ្ឋាភិបាលបារាំង ប្រគល់គ្រឿងឥស្សរិយយសអប់រំ (Ordre des Palmes Académiques) ថ្នាក់អស្សឫទ្ធិ។
គ្រឿងឥស្សរិយយសផ្នែកអប់រំនេះ ត្រូវបានបំពាក់ដោយលោកហ្សង់ ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅចំពេលដែលអង្គការគ្រួសារថ្មីប្រារព្ធខួបទី ២៥ឆ្នាំ ថ្ងៃកំណើតអង្គការ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សមាជិកសមាជិការរាជរដ្ឋាភិបាល និង លោក Benoît Duchâteau-Arminjon ដែលជាប្រធាន និងស្ថាបនិកនៃអង្គការគ្រួសារថ្មី។
មុនការបំពាក់គ្រឿងឥស្សរិយយសអប់រំជូនអ្នកគ្រូ នាង ផល្លា លោកឯកអគ្គរដ្ឋទូតបារាំង បានឡើងរៀបរាប់ពីប្រវត្តិការងាររបស់អ្នកគ្រូ ក្នុងការបង្ហាត់បង្រៀនកុមារពិការភ្នែក។
លោកឯកអគ្គរដ្ឋទូតបារាំង បានឲ្យដឹងថា ក្រោយរត់គេចចេញពីរបបខ្មែរក្រហម អ្នកគ្រូ នាង ផល្លា បានទទួលការបណ្តុះបណ្តាលពីអង្គការសហប្រជាជាតិ ក្នុងជំរុំជនភៀសខ្លួននៅប្រទេសថៃ មុនពេលទៅបង្រៀន និង ដឹកនាំសាលាកុមារពិការភ្នែកក្នុងជំរុំ។ នៅពេល ត្រឡប់មកកាន់មាតុប្រទេសវិញនៅឆ្នាំ១៩៩១ អ្នកគ្រូ នាង ផល្លា បានទាក់ទងជាមួយអង្គការគ្រួសារថ្មី ដើម្បីជួយបង្ហាត់បង្រៀនកុមារពិការភ្នែក និងគថ្លង់ និងធ្វើការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលពិសេសមួយសម្រាប់កុមារទាំងនេះ។ កិច្ចសហប្រតិបត្តិការនេះបាននាំឲ្យមានការបង្កើតសាលាសម្រាប់កុមារពិការភ្នែក និងគថ្លង់លើកដំបូងនៅកម្ពុជានៅក្នុងឆ្នាំ១៩៩៣។
អ្នកគ្រូ នាង ផល្លា បានក្លាយជាគ្រូបង្រៀនអក្សរប្រាយ (សម្រាប់កុមារពិការភ្នែក) ដំបូងគេបង្អស់នៅកម្ពុជា ហើយបានរួមចំណែកបង្កើតអក្សរប្រាយជាភាសាខ្មែរផងដែរ។
ការងារ និងការប្តេជ្ញាចិត្តរបស់អ្នកគ្រូ នាង ផល្លា ត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ដោយសារអ្នកគ្រូ ស្ថិតក្នុងចំណោមបេក្ខជន១០រូប ដើម្បីដណ្តើមពានរង្វាន់គ្រូបង្រៀនឆ្នើមពិភពលោក (Global Teacher Prize)។ ដំណឹងនេះ ត្រូវបានផ្សព្វផ្សាយពាសពេញប្រទេសកម្ពុជា ដែលជាមោទនភាពមួយសម្រាប់ប្រជាជនខ្មែរ ក៏ដូចជាសម្រាប់ថ្នាក់ដឹកនាំផងដែរ។
លោកហ្សង់ ក្លូដ ពាំបឺហ្វ បានបញ្ជាក់ថា ដោយសារប្រវត្តិការងារគំរូនេះហើយ ទើបប្រទេសបារាំង សម្រេចបំពាក់គ្រឿងឥស្សរិយយ សអប់រំ ជូនដល់លោកស្រី នាង ផល្លា ហើយកាយវិការនេះ ក៏ជាសក្ខីភាពបញ្ជាក់ពីការទទួលស្គាល់ និងលើកទឹកចិត្ត របស់បារាំងចំពោះលោកស្រី ដែលជាគ្រូបង្រៀន និងជាស្រ្តីមួយរូបមានដំណើរជីវិត និង ប្រវត្តិការងារដ៏គួរឲ្យកត់សម្គាល់។
សូមបញ្ជាក់ថា មេដាយអប់រំ គឺជាគ្រឿងឥស្សរិយយស ដ៏ចំណាស់មួយរបស់សាធារណរដ្ឋបារាំង ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨០៨ ដោយព្រះចៅណាប៉ូឡេអុងទី១ ដើម្បីផ្តល់ជូនសាស្រ្តាចារ្យ និង លោកគ្រូអ្នកគ្រូ។ ចាប់ពីឆ្នាំ១៨៦៦មក គ្រឿងឥស្សរិយយសនេះ ក៏ត្រូវបានបំពាក់ផងដែរដល់បុគ្គលមិនមែនជាគ្រូបង្រៀន តែមានស្នាដៃឧត្តុង្គឧត្តមក្នុងវិស័យអប់រំ៕