(ភ្នំពេញ)៖ អនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, នៅទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងារចំណាកស្រុកខេត្តព្រៃវែង បានបើកកិច្ចប្រជុំការងាររបស់ខ្លួន ដើម្បីត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងលើកទិសដៅបន្ត ពិសេសផែនការសកម្មភាពជាក់ស្តែង ជាវិធានការបន្ទាន់ចាំបាច់ ឆ្លើយតបចំពោះការវិលត្រឡប់មកវិញ របស់បងប្អូនកម្មករ ពលករចំណាកស្រុក ពេលដែលមានការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍នៅប្រទេសថៃ ។
រយៈពេលចាប់ពីដើមខែមេសា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ននេះ លេខាធិការដ្ឋានក្រុមការងារចំណាកស្រុក បានធ្វើជាស្នូលឱ្យក្រុមការងារខេត្ត និងរដ្ឋបាលស្រុក ក្រុងទាំង១៣ នៃខេត្តព្រៃវែងក្នុងកិច្ចសហការរៀបចំបង្កលក្ខណៈ ដល់ការធ្វើចត្តាឡីស័ក ជូនបងប្អូនពលករចំណាកស្រុកប្រមាណ ១២.០០០នាក់ ដែលបានវិលត្រឡប់ មកពីប្រទេសថៃ។
ថ្មីៗនេះ ការផ្ទុះរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នៅខេត្តសាមុទ្ទសាខន ប្រទេសថៃ បានបង្កឱ្យមានការវិលត្រឡប់មកវិញ ជារៀងរាល់ថ្ងៃនៃបងប្អូនកម្មករ ពលករចំណាកស្រុកមួយចំនួន។ គិតមកទល់ពេលនេះ មានបងប្អូនពលករចំណាកស្រុក ចំនួន ១៤១នាក់ (ស្រី២៩នាក់) បានវិលត្រឡប់មកដល់មូលដ្ឋាន ស្រុកកំណើតនៃខេត្តព្រៃវែងរួចហើយ។
ក្នុងចំណោមបងប្អូនទាំងនោះ មានចំនួន ៤៥នាក់ ត្រូវបានអាជ្ញាធរ និងកងកំលាំងយោធាទទួល បង្កលក្ខណៈងាយស្រួលនៅព្រំដែន និងដឹកជញ្ជូនមកដល់ខេត្ត។ ក្រោយឆ្លងកាត់ការធ្វើតេស្តរួច បងប្អូនទាំងអស់នោះ ត្រូវបានក្រុមការងាររៀបចំបង្កលក្ខណៈបញ្ជូន ឱ្យទៅស្នាក់នៅធ្វើចត្តាឡីស័កនៅថ្នាក់ស្រុក ក្រុង។ ក្រៅពីនោះ ត្រូវបានរៀបចំយកសំណាកធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័ក ទៅតាមលទ្ធភាពនៃមូលដ្ឋាននីមួយៗ។
ផ្អែកលើស្ថានភាពជាក់ស្តែងខាងលើ កិច្ចប្រជុំបានលើកឡើង នូវវិធានការចាំបាច់មួយចំនួន ដើម្បីបន្តអនុវត្ត ដោយខិតខំប្រតិបត្តិឱ្យបានហ្មត់ចត់ និងខ្ជាប់ខ្ជួននូវរាល់វិធានវេជ្ជសាស្ត្រ សំដៅសហការឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងដំណើរការត្រៀមរៀបចំជាស្រេច ការទទួលបងប្អូនពលករចំណាកស្រុកវិលត្រឡប់ មកពីប្រទេសថៃវិញជាបន្តទៀត។
ជារួម ក្រៅពីសកម្មភាពការងាររបស់ខ្លួន ក្នុងការចូលរួមសហការដើម្បីរក្សាសុវត្ថិភាព សុខុមាលភាពរបស់បងប្អូនពលករចំណាកស្រុកវិលត្រឡប់ពីក្រៅប្រទេស និងបង្ការទប់ស្កាត់ការរីករាលដាលកូវីដ១៩ ចូលក្នុងសហគមន៍ ក្រុមការងារចំណាកស្រុកខេត្តព្រៃវែង នៅតែប្តេជ្ញាបន្តការងារអប់រំ សតិអារម្មណ៍សាធារណជននៅមូលដ្ឋាន ដើម្បីរួមចំណែកពង្រឹងបុព្វហេតុរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជាដរាបតរៀងទៅ៕