Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ណេង៖ អាជ្ញាធរមូលដ្ឋាន គឺជាផ្នែកសំខាន់ ក្នុងការអនុវត្តគោលនយោបាយកែទម្រង់ របស់រាជរដ្ឋាភិបាល

17-02-2016 16:06

(បន្ទាយមានជ័យ)៖ គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភាដឹកនាំដោយលោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងសមាជិក-សមាជិកាគណៈកម្មការ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ បានអញ្ជើញចុះបំពេញបេសកកម្មការងារ នៅខេត្តបន្ទាយមានជ័យ។

នៅក្នុងដំណើរបំពេញបេសកកម្មនេះលោក ហ៊ុន ណេង បានប្រាប់ទៅអភិបាលខេត្តបន្ទាយមានជ័យ ពីគោលបំណងរបស់គណៈប្រតិភូគណៈកម្មការ គឺដើម្បីស្វែងយល់ពីផលប៉ះពាល់ និងបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ក៏ដូចជា កិច្ចការសន្តិសុខតាមព្រំដែន សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ការអនុវត្តកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសេចក្តីណែនាំ ឬលិខិតបទដ្ឋានថ្មីៗ របស់រាជរដ្ឋាភិបាលដោយផ្តោត ទៅលើការអនុវត្តវេទិកាសាធារណៈ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបញ្ហាចំណាកស្រុក ការធ្វើរបាយការណ៍សង្ខេប ពីសកម្មភាពរបស់អង្គការ សង្គមស៊ីវិល ដែលកំពុងធ្វើសកម្មភាពក្នុងមូលដ្ឋានខេត្ត និងការគ្រប់គ្រងជនអន្តោប្រវេសន៍ជាដើម។

លោក គោស៊ុ សារឿត បានថ្លែងជូនគណៈប្រតិភូពីការរីកចម្រើន និងលក្ខណៈភូមិសាស្រ្ត នៃការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅក្នុងខេត្ត ពិសេសខេត្តបានពង្រឹងថែរក្សាការពារសន្តិសុខ ស្ថេរភាពសង្គមបានល្អ ជូនប្រជាពលរដ្ឋរស់នៅដោយសុខសន្តិភាព ទទួលបានផលនៃការអភិវឌ្ឍន របស់រដ្ឋាភិបាលស្របតាមយុទ្ធសាស្រ្តចតុកោណ និងកម្មវិធីគោលនយោបាយរបស់រដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ។

ទន្ទឹមនឹងនេះខេត្តបានស្ថាបនា សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្សេងៗជាច្រើនទៀត ដើម្បីបម្រើដល់វិស័យទេសចរណ៍ នៅក្នុងខេត្ត។ លោកប្រធានគណៈកម្មការ បានលើកទ្បើងថា «អាជ្ញាធរមូលដ្ឋានគឺជាផ្នែកមួយសំខាន់ណាស់ ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលអាណត្តិទី៥នេះ តាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣»

លោក ហ៊ុន ណេង បានថ្លែងបញ្ជាក់ថា «រាជរដ្ឋាភិបាលកំពុងខិតខំបន្តពង្រឹងពង្រីកនូវអភិបាលកិច្ចល្អ និងការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការដឹកនាំប្រទេសជាតិ ដើម្បីឆ្លើយតបទៅនឹងសំណូម ពរនិងសេចក្តីត្រូវការទាំងទ្បាយ របស់ប្រជាពលរដ្ឋ»