(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូបាន ២៨៥,៥៨៩តោន កើនឡើង២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។
នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ។
របាយការណ៍បន្តថា ក្នុងរយៈពេល១១ខែមកនេះ តម្លៃជ័រកៅស៊ូជាមធ្យមមានតម្លៃ ១,៣៤១ដុល្លារ ក្នុង១តោន។ ដូច្នេះចំណូលបានពីការនាំចេញជ័រកៅស៊ូ ១១ខែ ឆ្នាំ២០២០នេះ មានជាង៣៨០លានដុល្លារអាមេរិក។
អគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីផលិតផលជ័រកៅស៊ូចំនួន ៤០១,៦៩៩ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រ ចំនួន២៨៩,៨៣៧ហិកតា ស្មើនឹង៧២ភាគរយ និងផ្ទៃដីថែទាំមានចំនួន១១១,៨៦៣ហិកតា ស្មើនឹង២៨ភាគរយ។
សូមបញ្ជាក់ផងដែរថា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕