(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីសកល គ.ស. ២០២១។
សារលិខិតថ្វាយព្រះរាជសព្ទសាធុការពរនោះមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីសកល គ.ស.២០២១ ដ៏មង្គលសួស្តី ខណៈនេះ នាងខ្ញុំម្ចាស់ ព្រមទាំងសហការី គ្រប់លំដាប់ថ្នាក់នៃ កាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាត លំឱនកាយ ថ្វាយព្រះសព្ទសាធុការពរបវរសួស្តី សិរីជយាតិរេកអនេកប្បការ សូមសម្តេចព្រះមហាក្សត្រី ជាទីគោរពស្រឡាញ់ស្មើជីវិត ទ្រង់ស្តេចមានព្រះរាជសុខភាពល្អជានិច្ចនិរន្តរ៍ ព្រះពលានុភាពមាំមួនខ្លាំងក្លា ព្រះឆន្ទៈ មនសិការ ព្រះបញ្ញាញាណវាងវៃ ព្រះទីឃាជន្មាយុជាងរយព្រះវស្សា ដើម្បីសម្តេចម៉ែ ស្តេចគង់ប្រថាប់ ជាម្លប់ អម្រិតត្រជាក់ត្រជំដល់នាងខ្ញុំម្ចាស់ទូលព្រះបង្គំ រួមទាំងប្រជាពលរដ្ឋរបស់ព្រះអង្គគ្រប់រូប ជ្រកកោនប្រកបដោយក្តីសុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។
ក្នុងអភិលក្ខិតសម័យដ៏មហាថ្លៃថ្លានេះ នាងខ្ញុំម្ចាស់ និងសហការី សូមព្រះបរមរាជវរោកាស សម្តែងថ្វាយនូវសក្ខីកម្ម ជាវិជ្ជុនពិសេសថ្វាយ ហ្លួងម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលស្ថិតក្នុងព្រះមហាកិត្តិនាមជា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជានិច្ចកាលទ្រង់ស្តេចប្រោសព្រះរាជទាន នូវអភិរម្យវិសេសវិសាលគឺ ព្រះរាជលំអានមនុស្សធម៌ ព្រះវីរ គំរូល្អឆ្នើម ដោយសង្គមធម៌ជ្រាលជ្រៅជាអតិបរមា ជួយជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនរើស និន្នាការនយោបាយ សាសនា ពណ៌សម្បុរឡើយ។ កត្តាដ៏ល្អផូរផង់ត្រចះត្រចង់នេះហើយ ដែលជាបុព្វបទនៃជ័យជម្នះ របស់កាកបាទក្រហមកម្ពុជា គួរជាទីមោទកភាពដ៏ក្រៃលែង»៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារថ្វាយព្រះពរ៖