(កំពង់ធំ)៖ ខេត្តកំពង់ធំ គឺជាខេត្តមួយនៅចំកណ្តាលផែនទីនៃប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកជាខេត្ត ដែលមានសណ្ឋានដីល្អ សម្បូរប្រភពទឹក និងអាកាសធាតុ អំណោយផលបំផុត សម្រាប់របរកសិកម្ម ដូចជាការធ្វើស្រែចម្ការ ការចិញ្ចឹមសត្វ និងចិញ្ចឹមត្រីជាដើម ដែលឲ្យទិន្នផលបានខ្ពស់គួរជាទីគាប់ចិត្ត រៀងរាល់ឆ្នាំដល់ប្រជាកសិករ និងម្ចាស់កសិដ្ឋាននានា។
ក្នុងបរិបទកូវីដ-១៩នេះ វិស័យអេកូទេសចរណ៍ និងកសិទេសចរណ៍ នៅតាមជនបទកំពុងត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តយ៉ាងខ្លាំង ដល់អ្នកវិនិយោគិនពីគ្រប់មជ្ឈដ្ឋាន។
ដោយមើលឃើញឱកាស និងសក្តានុពលនៃទឹកដីខេត្តនេះ ទើបបានជាក្រុមហ៊ុន កាស៊ីង ឯ.ក KASING CO.,LTD. តំណាងដោយលោក ហង្ស សុធី បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន I LAON D&C Co., LTD. (វិនិយោគិនកូរ៉េ) ស្តីពីការបង្កើតគម្រោងកសិទេសចរណ៍ នៅលើផ្ទៃដីទំហំជាង៥០០ហិតា ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
គម្រោងនេះ ធ្វើការផ្តោតលើវិស័យកសិកម្ម និងកសិទេសចរណ៏ ដែលមានដូចជា៖ ដំណាំស្វាយ ដូង ពោត សណ្តែក និងបង្កើតរោងចក្រផលិតជី និងរោងចក្រកែឆ្នៃផ្លែស្វាយ បង្កើតតំបន់ទេសចរណ៍ ក្នុងគោលបំណងលើកស្ទួយវិស័យកសិកម្ម និងជំរុញឲ្យមានការកែឆ្នៃទិន្នផលកសិកម្មឲ្យទៅជា ផលិតផលសម្រេច ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចឈានទៅរកការនាំចេញទៅក្រៅប្រទេស ព្រមទាំងជួយបង្កើនការងារដល់ប្រជាពលរដ្ឋក្នុងតំបន់ បញ្ចៀសការធ្វើចំណាកស្រុកផងដែរ។
អនុស្សរណៈយោគយល់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ដែលតែងតែគាំទ្រដល់ អ្នកវិនិយោគលើវិស័យកសិកម្ម និងការអភិវឌ្ឍសហគមន៍។ វិទ្យាស្ថានបានកសាងភាពជាដៃគូជាមួយក្រុមហ៊ុន និងអ្នកវិនិយោគបរទេស ដើម្បីអភិវឌ្ឍន៍ប្រទេស ស្របតាមផែនការយុទ្ធសាស្រ្តជាតិ ជាពិសេសធនធានមនុស្សក្នុងវិស័យកសិកម្ម ក្នុងនោះដែលក្រុមហ៊ុនទាំងពីរ បេ្តជ្ញា នឹងខិតខំបន្តកិច្ចសហប្រតិបត្តិការ ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព។
គួរបញ្ជាក់ផងដែរ គម្រោងកសិទេសចរណ៍នេះ មានដំណាំហូបផ្លែរួចជាស្រេច ដែលហ៊ុព័ទ្ធដោយធនធានធម្មជាតិ ដូចជា បឹង អូរ បរិយាកាសល្អបរិសុទ្ធ ដែលលើសពីដីចំការសម្រាប់ធ្វើកសិកម្ម តែជាកសិទេសចរណ៍ ជាពិសេសមានតំបន់ទេសចរណ៍វប្បធម៌ជាច្រើននៅមិនឆ្ងាយពីគម្រោងដូចជា៖ រមណីយដ្ឋាន Farm Stay ទឹកធ្លាក់ធ្នួសតាព្រហ្ម រមណីយដ្ឋានភ្នំសន្ទុក រមណីយដ្ឋានសំបូរព្រៃគុក និងសួនផ្កាសំបូរជាដើម៕