(កោះកុង)៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឱ្យដឹងថា គិតពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ពលករខ្មែរដែលធ្វើសំណាក់ស្រុក មកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិចាំយាម ច្រករបៀង និងតាមផ្ទៃសមុទ្រ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនធ្វើចក្តាឡីស័ក មានចំនួនសរុបចំនួន១៨នាក់ មន្ត្រីសុខាភិបាល បានយកសំណាកទៅធ្វើការពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាល ជាលទ្ធផលបញ្ជាក់ថា ពលករខ្មែរ១៥នាក់លទ្ធផលអវិជ្ជាមាន ហើយពលករ៣នាក់ទៀត លទ្ធផលមិនទាន់ទទួលបានពីមន្ទីរវិទ្យាស្ថានបាស្ទ័រនៅឡើយទេ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានប្រាប់ភ្នាក់ងារ Fresh News ដឹងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះបន្ថែមទៀតថា ដោយអនុវត្តន៍តាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឱ្យមានវិធានការត្រួតពិនិត្យតាមមាត់ច្រកទ្វារអន្តរជាតិ ដែលមានព្រំដែនជាប់ជាមួយប្រទេសថៃ ដែលកំពុងមានហានិភ័យខ្ពស់នៃជំងឺកូវីដ១៩ ស្របពេលមានពលករខ្មែរបានធ្វើសំណាក់ស្រុកនៅប្រទេសថៃផងនោះ មន្ទីរសុខាភិបាលខេត្តកោះកុង បានត្រួតពិនិត្យបានល្អិតល្អន់ ចំពោះពលករឆ្លងចូលស្រុកវិញ ដើម្បីការពារនៃការរីករាលនៃជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគមន៍។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ចំពោះពលករខ្មែរ១៥នាក់ ដែលទទួលបានលទ្ធផលអវិជ្ជាមាន ក្រុមការងារបានអនុញ្ញតឲ្យគាត់វិលទៅស្រុកកំណើតវិញ។
លោកវិជ្ជបណ្ឌិត ក៏បានសូមអំពាវរនាវប្រជាពលរដ្ឋទាំងក្នុងស្រុកនៅក្រៅស្រុក សូមចូលរួមអនុវត្តន៍តាមការផ្សព្វផ្សាយណែនាំអប់រំរបស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាល ដែលធ្វើការផ្សព្វផ្សាយណែនាំអប់រំគ្រប់មូលដ្ឋាន ហើយត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងថែរក្សាសុខភាពដោយខ្លួនឯង ដើម្បីការពារការរីករាលដាល នៃឆ្លងជំងឺកូវីដ១៩ និងជំងឺឆ្លងផ្សេងៗទៀត៕