(ប៉េកាំង)៖ ជំហរអព្យាក្រឹតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ទៅលើបញ្ហាសមុទ្រចិនខាងត្បូង មិនគួរបង្កការខកចិត្តចំពោះនរណាម្នាក់ នៅសហរដ្ឋអាមេរិកនោះឡើយ ប៉ុន្តែសម្រាប់ពេលវេលានេះ យើងសូមរំលឹកថា ការព្យាយាមរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីលាបពណ៌ឲ្យចិនក្លាយជាប្រទេសដ៏កំណាចនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិកនេះ វាដូចជាការគិតមួយដ៏ងាយស្រួលពេកហើយ។
ជាជាងការផ្តោតសំខាន់ទៅលើការ ខ្វាយខ្វល់អំពីផលប្រយោជន៍ផ្សេងៗគ្នានៃបណ្តាប្រទេស អាស៊ានទាំងឡាយនោះ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានធ្វើជាប្រធានបើកកិច្ចប្រជុំកំពូលជាមួយប្រទេសទាំង១០ នៅក្នុងតំបន់មួយនៅ រដ្ឋកាលីហ្វរញ៉ា (California) បែរជាបានបង្ហាញនូវការស្រេកឃ្លាន ចង់ជំរុញរបៀបវារៈរបស់ខ្លួនទៅមុខ និងមិនបានគិតគូឲ្យបានដិតដល់ ចំពោះអ្វីដែលជាតម្រូវការ ចាំបាច់សម្រាប់ប្រទេសនៃសមាជិកអាស៊ានទាំងនោះឡើយ។
វាគ្មានអ្វីដែលពិបាកក្នុងការកត់សម្គាល់នោះទេ បើយើងរំលឹកកាលពីការថ្លែងសារប្រចាំឆ្នាំទៅកាន់ប្រជាជាតិខែមុន ដែលកាលណោះលោក អូបាម៉ា មិនបានលើកឡើងបន្តិចសោះឡើយចំពោះ តំបន់អាស៊ីអាគ្នេយ៍ដ៏មានសក្តានុពល ថាជាចំណាប់អារម្មណ៍នោះឡើយ ប៉ុន្តែមេដឹកនាំស្បែកខ្មៅរបស់អាមេរិករូបនេះ បែរជាព្យាយាមលើកឡើងពីសេដ្ឋកិច្ច និងឥទ្ធិពលរបស់ចិនទៅវិញ ហើយបានលើកឡើងរឿងនេះបីដងឯណោះ។
ការព្រួយបារម្ភចំពោះឥទ្ធិពលកើនឡើងរបស់ចិន ដែលជាប្រទេសមានប្រជាជនច្រើនលេខមួយ លើលោក នឹងប្រកបដោយប្រព័ន្ធនយោបាយចំរុះ និងជាតិសាសន៍ប្លែកៗគ្នា ព្រមទាំងការមិនចុះសម្រុង រវាងប្រជាជន និងអ្នកនយោបាយខ្លួនឯងក្នុងប្រទេសផងនោះ សហរដ្ឋអាមេរិក ហាក់ដូចជាបានបាត់បង់ទៅហើយ ភាពស៊ីសង្វាក់គ្នា នៅលើទឹកដីខ្លួនឯង។
ខណៈដែលបានកោតសរសើរចំពោះនយោបាយផ្លាស់ប្តូរចំពោះមុខនោះ អ្វីដែលអាមេរិកហៅថា ជាការធ្វើឲ្យមានតុល្យភាពនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក វាហាក់កំពុងតែដើរខុសគោលដៅហើយ។ សម្រាប់ពេលនេះការកសាងស្ថិរភាព និងមិត្តភាពប្រកបដោយផ្លែផ្កាជាមួយចិន គឺជារឿងល្អ និងចាំបាច់សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលវាត្រូវតែនាំមុខការកសាងកម្លាំងយោធា សម្រាប់ប្រទេសក្នុងតំបន់នេះទៅទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ជិតបីឆ្នាំចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោន បានបញ្ជូនទាំងកម្រោលនូវនាវាចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ជាច្រើន មកក្បែរតំបន់កោះនានារបស់ចិននៅសមុទ្រចិនខាងត្បូង ដែលវាជាទង្វើ បង្ហាញអំពីការបង្កហេតុយ៉ាងច្បាស់ក្រឡែត ហើយពិតជាបានរំលោភដល់សន្តិសុខ និងអធិបតេយ្យភាព របស់ប្រទេសចិនទាំងមូល។
នៅពីក្រោយការលើកឡើងពី «សេរីភាពនៃការធ្វើនាវាចរណ៍» ដែលទីក្រុងវ៉ាស៊ីនតោនបានអះអាងចំពោះមុខបណ្តាមេដឹកនាំអាស៊ាននោះ គឺវាសំដៅទៅលើសេរីភាពនៃការចល័តនាវាចម្បាំង ទៅជុំវិញពិភពលោកទៅវិញទេ។ អ្វីដែលអាមេរិកធ្វើ មិនមែន ត្រឹមតែបានបង្កការបាត់បង់ទំនុក រវាងរដ្ឋាភិបាលប្រទេសទាំងពីរ និងការខឹងសម្បារពីប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏បាន បង្កផលមិនល្អចំពោះប្រជាជាតិអាមេរិកទាំងមូលដែរ។
វាមានតែការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដ ក្នុងការកសាងទំនាក់ទំនងប្រកបដោយវប្បធម៌ និងវិបុលភាព ព្រមទាំងការ ការគោរពគ្នាទៅវិញទៅមកប៉ុណ្ណោះ ទើបអាចកសាងទំនុកចិត្តជាយុទ្ធសាស្ត្រ រវាងគ្នានិងគ្នា ហើយចិន និងអាមេរិក ព្រមទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល អាចរីករាយនិងសន្តិភាព និងវិបុលភាពរយៈយូរបាន។
វាដល់ពេលហើយ ដែលទីក្រុងវ៉ាស៊ីនតោន គួរងាកមកធ្វើអ្វីដែលត្រឹមត្រូវវិញ៕