(បន្ទាយមានជ័យ)៖ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានជំរុញបន្ថែមដល់គ្រប់អ្នកពាក់ព័ន្ធមេភូមិ ចៅសង្កាត់ ត្រូវផ្តោតយកចិត្តទុកដាក់តាមដាននៅមូលដ្ឋានរបស់ខ្លួន បើសិនមានបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ពិសេសបងប្អូនពលករមកពីប្រទេសថៃ ត្រូវណែនាំដល់ពួកគាត់ឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ ការពារ និងបង្ការការរាតត្បាតជំងឺកូវីដ-១៩។

ការក្រើនរំឮកបែបនេះ របស់ប្រធានក្រុមប្រឹក្សាក្រុងសិរិសោភ័ណ បានធ្វើឡើងក្រោយប្រទេសថៃ មានករណីឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងគំហុកក្នុងសហគមន៍ នៅខេត្តសាមុតសាខន ភាគនិរតីនៃប្រទេសថៃ។

ការក្រើនរំឮកបែបនេះ របស់លោក ជាម សុខ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ អាណត្តិទី៣ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះដែរ លោកបានណែនាំបន្ថែមដល់អ្នកត្រូវធ្វើចត្តាឡីស័កទាំងអស់ មិនត្រូវលួចចេញដើរទៅណានោះទេ ដើម្បីធ្វើការតាមដានសុខភាព និងត្រូវណែនាំបន្ថែមដល់បងប្អូនពលដ្ឋនៅមូលដ្ឋាន ត្រូវអនុវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន តាមរយៈការលាងដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាដើម។

ដោយឡែកលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានណែនាំដល់អាជ្ញាធរនៅថ្នាក់ក្រោម ត្រូវខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យអស់ ដើម្បីស្រាយកង្វល់របស់ប្រជាពលរដ្ឋ នៅដំណាច់ឆ្នាំ២០២០ ក្នុងការរៀបចំផែនការសម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។

លោក ហ៊ឹល រ៉ាយ៉ា ក៏បានជំរុញបន្ថែមដល់អាជ្ញាធរសង្កាត់៧ ក្រៅពីដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់ហើយនោះ ពិសេសត្រូវមានវិធានការធ្វើយ៉ាងណារិះរកគ្រប់មធ្យោបាយក្នុងការថែរក្សាទឹកទុក សម្រាប់ប្រេីប្រាស់ ដោយដាក់ចេញវិធានការណែនាំឱ្យប្រជាពលរដ្ឋត្រូវប្រើប្រាស់ទឹក ដោយលក្ខណៈសន្សំសំចៃឱ្យបានខ្ពស់ ដោយអនុញ្ញាតឱ្យធ្វើស្រែតែមួយលើកនេះទេ ដើម្បីជាវិធានត្រៀមទឹកសម្រាប់ប្រើប្រាស់នៅដូវប្រាំង ដោយបណ្តាស្រុកមួយចំនួននៅក្នុងខេត្ត។

លោកអភិបាលក្រុង ក៏បានផ្តល់អាទិភាពដល់សង្កាត់នីមួយៗ នៅដូវប្រាំងខាងមុខ បើមានលទ្ធភាពត្រូវស្តារ បឹង ស្ទឹង ត្រពាំងដែលមានស្រាប់ ដើម្បីមានលទ្ធភាពស្តុបទឹកសម្រាប់ឆ្នាំបន្ទាប់៕