(កំពង់ឆ្នាំង)៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ភ្នាក់ព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំងតាមទូរស័ព្ទ នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ថា លោកបានចាត់ឱ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវ និងរាយការណ៍ឱ្យបានច្បាស់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបណ្តឹងប្រជាពលរដ្ឋចំនួន៣ភូមិ ដែលបានអះអាងថា មានបុគ្គលម្នាក់ បិទផ្លូវសាធារណៈប្រវែង៥គីឡូម៉ែត្រ ក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ការចាត់ឱ្យក្រុមមន្ត្រីជំនាញចុះស្រាវជ្រាវរកបុគ្គលម្នាក់ដែលព្រហើនហ៊ានបិទផ្លូវសាធារណៈនេះ បានធ្វើឡើងក្រោយមានបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន៣ភូមិ បានតវ៉ាសុំបើកផ្លូវសាធារណៈជិត ៥គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបុគ្គលម្នាក់បានបិតផ្លូវសាធារណៈជាង៥ឆ្នាំមកហើយនោះ។
លោក ឈួរ ច័ន្ទឌឿន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើនៅក្នុងប្លង់ដីដែលនិស្សិតវាស់ទុកផ្លូវពិតមែននោះ គឺគ្មានបុគ្គលណាមួយថ្លើមធំហ៊ានបិទផ្លូវសាធារណៈរបស់រដ្ឋនោះឡើយ។ ដូច្នេះរឿងនេះ លោកបានដឹងអស់ហើយ និងកំពុងតែចាត់ឲ្យជំនាញធ្វើការស្រាវជ្រាវ និងរាយការណ៍ឱ្យបានច្បាស់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ក្នុងពេលដ៏ឆាប់ខាងមុខនេះ ប្រសិនបើរកឃើញថាមានការបិទផ្លូវសាធារណៈដូចដែលការអះអាងរបស់ប្រជាពលរដ្ឋពិតប្រាកដមែននោះ»។
ដោយឡែកចំពោះការសុំបើកផ្លូវខាងលើនេះដែរ នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ស៊ុន សំណាង អាយុ៤១ឆ្នាំ មានទីនៅភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល លោកស្រីបានអះអាង ចំពោះមុខក្រុមអ្នកសារព័ត៌មានថា លោកស្រីមានដីចំការមួយកន្លែងដែលមានទំហំជាង ៣ហិកតាកន្លះ ដែលមានក្បាលដីលេខ៥៨២ និងបងប្រុសរបស់លោកស្រីមានក្បាលដី ១២បណ្ណ កំពុងជាប់គ្មានផ្លូវចេញចូលដោយសារតែគេបិតផ្លូវខាងលើនេះដែរ។
លោកស្រីបានបន្តថា «កាលដែលលោកស្រីទិញដីនេះពីដំបូងឡើយ គឺមានផ្លូវចេញចូលជាធម្មតា ទើបលោកស្រីសម្រេចទិញដីនេះ ស្រាប់តែរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានលោក ខូវ គាត ធ្វើរបងបិតផ្លូវ និងបានធ្វើទ្វារចាក់សោរដែលធ្វើឱ្យលោកស្រីគ្មានផ្លូវចេញចូលទៅចំការរបស់ពួកគាត់នោះឡើយ»។
លោកស្រីបានបញ្ជាក់ថា នៅក្នុងអំឡុងពេលដែលគ្មានផ្លូវចូលទៅចំការរបស់លោកស្រីនេះ ដំណាំនៅក្នុងចម្ការរបស់លោកស្រីទាំងអស់ និងបង្គោលរបង រួមទាំងខ្ទមចាំចំការ១ខ្នងផង ត្រូវភ្លើងឆេះអស់គ្មានសល់ មិនតែប៉ុណ្ណោះដើមឈើមួយដើមទំហំបីឱបដែលជាទីស្រ ឡាញ់របស់លោកស្រី ក៏ត្រូវបានគេលួចកាត់គល់ស្មើដីយកចេញពីក្នុងដីរបស់លោកស្រីទៅបាត់ផងដែរ។
លោកស្រីប្រាប់ទៀតថា «ព័ត៌មានចុងក្រោយនេះឮថា ផ្លូវជាង៤គីឡូម៉ែត្រនោះ មកទ័លត្រឹមក្បាលដីលេខ៥៨២ របស់លោកស្រី ដែលមិនអាចទម្លុះតភ្ជាប់ទៅផ្លូវម្ខាង ទៀតបាន។ ដូច្នេះបើរដ្ឋត្រូវការបើកផ្លូវដែលទ័ល មានប្រវែងជាង ២០០ម៉ែត្រពិតមែន ឬលើសពីនេះក៏ដោយលោកស្រីនឹងបរិច្ចាគដីជូនរដ្ឋ សម្រាប់ធ្វើផ្លូវប្រើប្រាស់ជាសាធារណៈដោយស្ម័គ្រចិត្ត ដើម្បីឱ្យប្រជាពលរដ្ឋទូទៅបានធ្វើដំណើរ ដោយលោកស្រីនឹងផ្តិតមេដៃប្រគល់ដីជូនភ្លាម និងមិនគិតកម្រៃអ្វីឡើយ»។
ទាក់ទងនឹងការលើកឡើងរបស់អាជ្ញាធរស្រុកទឹកផុស កាលល្ងាចថ្ងែទី២២ ខែធ្នូ ឆ្នាំ២០២០ ដែលបានលើកឡើងថា តំណាងប្រជាពលរដ្ឋ៣ភូមិ បានសុំដកពាក្យបណ្ដឹង ឈប់ទាមទារសុំបើកផ្លូវនោះ លោក នុំ ជឿន ក្រុមប្រឹក្សាឃុំអមលាំង តំណាងឱ្យប្រជាពលរដ្ឋជាអ្នកសុំបើកផ្លូវនោះ ដែលបានចូលរួមប្រជុំនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅសាលាឃុំក្បាលទឹក ជាមួយអាជ្ញាធរស្រុកទឹកផុស បានបដិសេធចំពោះមុខក្រុមអ្នកសារព័ត៌មានថា លោកមិនបានសុំដកពាក្យប្តឹងឈប់ទាមទារការសុំបើកផ្លូវដូចការលើកឡើងរបស់ លោក សុខ សុន្ធី អភិបាលរងស្រុកទឹកផុស នោះឡើយ។
តំណាងប្រជាពលរដ្ឋទាំង ៣ភូមិ រួមទាំងប្រជាពលរដ្ឋជាច្រើនភូមិទៀត ដែលធ្លាប់បានធ្វើដំណើរឆ្លងកាត់តាមផ្លូវចាស់មួយខ្សែខាងលើនេះពីមុនមក ពួកគាត់បានគោរពស្នើសុំលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត មេត្តាជួយជំរុញ និងសម្របសម្រួលបើកផ្លូវមួយខ្សែនេះឡើងវិញ ដែលក្រុមនិស្សិតបានវាស់វែងទុកជាផ្លូវសាធារណៈ ហើយត្រូវបានគេធ្វើរបងបិទជាច្រើនឆ្នាំមកហើយ ដែលផ្លូវនេះ មានទទឹង៥ម៉ែត្រ បណ្ដោយជិត ៥គីឡូម៉ែត្រ ឱ្យបានឆាប់ទុកជាប្រយោជន៍សាធារណៈ ដើម្បីពួកគាត់នឹងបានធ្វើដំណើរក្នុងការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាការរកអុសបេះបន្លែផ្លែឈើនៅតាមជើងភ្នំដូចពីមុនឡើងវិញដោយក្តីអនុគ្រោះ។
បើតាមលោក កុយ សារ៉ន អនុប្រធានការិយាល័យភូមិបាលស្រុកទឹកផុស បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ឱ្យដឹងថា ដីផ្លូវដែលនិស្សិតវាស់ទុកសម្រាប់បម្រើឱ្យសាធារណៈ ហើយត្រូវបានលោក ខូវ គាត ធ្វើរបងព័ទ្ធយកខាងលើនេះ មានប្រវែងជាង ៤ពាន់ម៉ែត្រ និងទទឹង៥ម៉ែត្រ។
បច្ចុប្បន្ននេះ លោក លី សុភា ប្រធានមន្ទ្ទីរសូរិយោដីខេត្ត កំពុងធ្វើការងារនេះដើម្បីឈានទៅឱ្យលោក ខូវ គាត បើកផ្លូវនេះឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខនេះ៕