(ភ្នំពេញ)៖ ជាថ្មីម្តងទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដាក់បទបញ្ជាឲ្យ មេប៉ុស្តិ៍ទាំងអស់ ត្រូវរួមគ្នាអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាពបញ្ហារៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និងសម្រួលចរាចរតាមដងផ្លូវជាតិលេខ១ ផ្លូវ៣៦៩ ជាពិសេសក្រុមការងារ បដិសណ្ឋារកិច្ចតាមសង្កាត់ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព។

ការឲ្យមន្ត្រីក្រោមឱវាទចូលរួមអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» និងរួមគ្នាចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ក៏ដូចជាចូលរួមសម្រួលចរាចរនេះ និងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំរបស់គណៈបញ្ជាការឯកភាពខណ្ឌ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានណែនាំឲ្យអាជ្ញាធរភូមិ សង្កាត់ ត្រូវសហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ក្នុងការបំពេញភារៈកិច្ចផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ហើយមានប្រសិទ្ធភាព។

មួយផ្នែកទៀត ត្រូវរៀបចំយន្តការក្រុមបដិសណ្ឋារកិច្ច នៅតាមសង្កាត់ឲ្យបានគត់មុតច្បាស់លាស់ ជាពិសេសត្រូវពិនិត្យមើលបញ្ហាអសកម្មនៅក្នុងមូលដ្ឋាន ទាំងការងារសណ្តាប់ធ្នាប់ បទល្មើសផ្សេងៗ ពិសេសល្បែងស៉ីសងនៅក្នុងមូលដ្ឋាន ត្រូវចាត់វិធានការចុះបង្ក្រាបឲ្យអស់។
លើសពីនេះទៀត ត្រូវពង្រឹង និងត្រួតពិនិត្យការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ឲ្យបានចំគោលដៅ នៃតម្រូវការទាំងការប្រើប្រាស់មូលនិធិសង្កាត់ បើសង្កាត់គ្មានលទ្ធភាពត្រូវស្នើ ដើម្បីប្រើប្រាស់មូលនិធិខណ្ឌ បើខណ្ឌអត់លទ្ធភាព គឺត្រូវបញ្ចូលក្នុងគម្រោង ដើម្បីប្រើប្រាស់សុំថវិកាមូលនិធិរបស់ក្រុង តែត្រូវមានរបាយការណ៍ឲ្យបានច្បាស់លាស់។

បន្ថែមលើនេះទៀត ត្រូវអនុវត្តជាប្រចាំទៅលើមុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀន មុខសញ្ញាចោរកម្ម ហើយមួយផ្នែកទៀត ត្រូវរួមគ្នាចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្លូវលេខ៣៦៩ តំបន់ច្រាំងបាក់ តំបន់ផ្សារច្បារអំពៅ និងតំបន់ផ្សារចាមព្រែកប្រា ក៏ដូចជាផ្សារក្រមួន។ ទោះបីជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាក់ត្រូវដាក់វេនគ្នាប្រចាំការ ដើម្បីចាំទទួលយក នូវសំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ មកធ្វើការពិភាក្សាដោះស្រាយ ទៅតាមលទ្ធភាពដែលអាចធ្វើបាន។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានស្នើឲ្យប្រជាពលរដ្ឋចូលរួមជាមួយជាមួយអាជ្ញាធរ សមត្ថកិច្ច ដើម្បីរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ជាពិសេសរួមគ្នាលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ លុបបំបាត់មិនឲ្យមានការចែកចាយប្រើប្រាស់ និងផលិតថ្នាំញៀន គោរពច្បាប់ចរាចរទាំងអស់គ្នា។

លោកបន្ដថា ការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពទៅបានលុះត្រាតែ មានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន វាមិនមែនជាការងារដាច់ដោយឡែករបស់អាជ្ញាធរ និងសមត្ថកិច្ចនោះទេ គឺជាការងាររួម៕