(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ បានទទួលជួបលោកស្រី KAMEI Haruko ប្រធានថ្មី របស់អង្គការ JICA ប្រចាំនៅកម្ពុជា និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ រៀបចំធ្វើឡើង នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួង លោករដ្ឋមន្ត្រី វេង សាខុន តាមរយៈលោកស្រី បានថ្លែងអំណរគុណជូន ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈអង្គការ JICA ដែលបានជួយកសាង និងអភិវឌ្ឍកម្ពុជា រហូតមកទល់បច្ចុប្បន្ន ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលជួយដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ហើយជាពិសេស នោះ គឺវិស័យកសិកម្មផងដែរ មានជាអាទិ៍៖ ការជួយរៀបចំប្រព័ន្ធព័ត៌មាន និងយុទ្ធសាស្រ្តទីផ្សារ ការបង្កើនការងារផ្សព្វផ្សាយបច្ចេកទេស ដល់អ្នកផលិត ឬសហគមន៍ បច្ចេកទេសក្រោយពេលប្រមូលផល ការគ្រប់គ្រងគុណភាពលើប្រព័ន្ធខ្សែច្រវាក់តម្លៃបន្ថែម ប្រព័ន្ធទីផ្សារបោះ ឬលក់ដុំ និងជាពិសេសសមត្ថភាពមន្ទីរពិសោធន៍ មន្ទីរពិសោធន៍គុណភាព និងសុវត្ថិភាពបន្លែ នៅខេត្តកណ្តាល ការជួយបណ្តុះបណ្តាលបច្ចេកទេស ដល់មន្រ្តីកសិកម្មសម្រាប់រយៈពេលវែង និងខ្លីមានចំនួន២៩០នាក់ គម្រោងធំៗចំនួន១០ ដែលបានជួយដល់ក្រសួង។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ជូនលោកស្រី KAMEI Haruko ថា រាល់គម្រោង ឬកម្មវិធីដែលឧបត្ថម្ភដោយ JICA បាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាព បង្កើនបរិមាណផលិត ធានាបានទាំងបរិមាណ គុណភាព សុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន បានស្នើទៅភាគីជប៉ុនមេត្តាជួយពិនិត្យ ពិចារណាលើគម្រោងដែលទាក់ទង ការកែច្នៃផលិតផលកសិកម្ម ដើម្បីជួយបង្កើនតម្លៃបន្ថែម ប្រើប្រាស់វត្ថុធាតុ ដើមក្នុងស្រុកឲ្យអស់លទ្ធភាព បង្កើតការងារ បង្កើនចំណូលគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

នាឱកាសនេះ ក្នុងនាមឲ្យអង្គការ JICA លោកស្រី បានថ្លែងអំណរគុណចំពោះពេលវេលារបស់លោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យក្រុមការងារចូលជួប និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត និងគម្រោងថ្មីៗ បន្តបន្ទាប់ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងជាពិសេសអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទ នៃការរាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។ មួយវិញទៀត ដើម្បីចូលរួមលើកកម្ពស់សន្តិសុខស្បៀង ការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព និងនិរន្តរភាព ការបង្កើនផលិតភាពផលិតកម្មកសិកម្ម តាមរយៈវិស័យឯកជន សហគមន៍កសិកម្ម និងដៃគូអភិវឌ្ឍ -ល-។

នាឱកាសនេះផងដែរ លោកស្រី ក៏បានណែនាំមន្ត្រីជំនាញរបស់អង្គការ JICA ដែលនឹងមកបម្រើការទាក់ទង វិស័យកសិកម្មកម្ពុជា។
ទាក់ទងនឹងសំណើរបស់លោករដ្ឋមន្រ្តី លោកស្រីថា នឹងយកសំណើនេះ ទៅពិភាក្សាជាមួយឯកអគ្គរាជទូតជប៉ុន ហើយសង្ឃឹមថា នឹងជម្រាបជូនលោករដ្ឋមន្រ្តី នៅពេលអនាគត។

ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនក្រុមការងារ JICA ដែលបានខិតខំបំពេញការងារទទួលបានជោគជ័យ ហើយក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការ យ៉ាងពេញលេញធ្វើយ៉ាងណា ឲ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សូមជម្រាបជូនថា ថ្មីៗនេះ ក្រសួងបានស្នើទៅឯកអគ្គរាជទូត តាមរយៈអង្គការ JICA នូវគម្រោងចំនួន១៩ទៀត ដើម្បីពិនិត្យលទ្ធភាពជួយអភិវឌ្ឍ លើអនុវិស័យផ្សេងៗទៀត ហើយភាគីទាំងពីរថា នឹងជួបពិភាក្សាគ្នាលម្អិតនាពេលដ៏ខ្លីខាងមុខ៕