(ព្រះវិហារ)៖ ប្រធានមន្ទីរបរិស្ថានថ្មី ខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែងហើយ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ដោយលោក សុង ច័ន្ទសុជាតិ អតីតអនុប្រធានមន្ទីរបរិស្ថានខេត្ត ត្រូវបានតែងតាំងជាប្រធានមន្ទីរបរិស្ថានថ្មី ខេត្តព្រះវិហារ ជំនួសលោក អ៊ា សុខា ដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការនៅក្រសួងបរិស្ថាន។
ពិធីនេះស្ថិតក្រោមវត្តមានលោក សូខន ឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ, លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តាមមន្ទីរ អង្គភាព លោកអភិបាលស្រុក ក្រុង ជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះដែរ លោក សូខន ឫទ្ធីគុណ បានថ្លែងថា ក្នុងរយៈពេលជាង២ទស្សវត្តន៍កន្លងមកនេះ ប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយល្អប្រសើរ តាមរយៈការអនុវត្តន៍គោលនយោបាយឈ្នះ-ឈ្នះ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាជម្នះបានការលំបាក គ្រប់គ្រងបានទាំងស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ជាពិសេសទប់ទល់បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
រដ្ឋលេខាធិការរូបនេះ បានបន្តថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ពិតជាមានសារៈសំខាន់ខ្លាំងក្លាបំផុត នៅការជំរុញឱ្យកម្ពុជាមានលទ្ធភាព ក្នុងការអនុវត្តន៍លើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ទាំងសង្គម ទាំងសុវត្ថិភាពសាធារណនៅទូទាំងប្រទេសកម្ពុជា។ ជាពិសេសការកសាងសេដ្ឋកិច្ចជាតិនៅកម្ពុជា មានការទទួលស្គាល់ និងសារទរពីបណ្តាប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសម្រេចបាននៅការកសាងសេដ្ឋកិច្ច មានកំណើនស្ថិតស្ថេរជាប្រចាំ ក្នុងរយៈពេល ២ទស្សវត្តន៍មកនេះ គឺ៧% ក្នុងមួយឆ្នាំ។
ក្នុងនាមក្រសួងបរិស្ថាន លោក សូខន ឫទ្ធិគុណ ក៏បានថ្លែងនូវការចូលរួមអបអរសារទរ ចំពោះលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរបរិស្ថាន ក៏ដូចជាមន្ត្រីបរិស្ថានទាំងអស់ ដែលបានធ្វើការតែងតាំងថ្មីហើយ ប្រកាសឱ្យចូលកាន់មុខតំណែងនៅថ្ងៃនេះ ត្រូវខិតខំអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន អោយកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត។
ដោយឡែកលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានណែនាំឱ្យប្រធានមន្ទីរបរិស្ថានថ្មី ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ចូលរួមចំណែកឱ្យបានសកម្មក្នុងការអនុវត្តន៍គោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការក្នុងការអនុវត្តន៍ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹងសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវគ្រប់គ្រង តាមដាន ស្រាវជ្រាវ និងពង្រឹងកិច្ចការងារការពារតំបន់ការពារធម្មជាតិ ត្រូវបន្តលើកកម្ពស់សុខភាពសាធារណៈ ទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថាន និងត្រូវបន្តលើកកម្ពស់ចំណេះដឹងលើវិសយ័បរិស្ថាន ជូនដល់សាធារណជន ដើម្បីបង្កើននូវប្រតិបត្តិករបរិស្ថានល្អ និងលើកទឹកចិត្តមេត្រីភាពបរិស្ថាន៕