(ព្រៃវែង)៖ ស្នងការនគរបាល ខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានប្រាប់ Fresh News នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវ រហូតតាមចាប់បក្ខពួកចោរប្លន់ប្រដាប់អាវុធម្នាក់ទៀត ដែលពាក់ព័ន្ធសកម្មភាព នៅស្រុកបាភ្នំ កាលពីខែមិថុនា ឆ្នាំ២០០៩ ស្ថិតនៅភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ។
លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ថា «ថ្ងៃនេះយើងអនុវត្តដីការចាប់ខ្លួនបានម្នាក់ ករណីប៉ុនប៉ងប្លន់នៅស្រុកបាភ្នំមានឈ្មោះ ព្រីង ខ្មោច ភេទប្រុស អាយុ២៣ឆ្នាំ តាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់លោក ឃ្លោក ពិសិដ្ឋ ចៅក្រមអមសាលាដំបូងខេត្តព្រៃវែង ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១»។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ កម្លាំងនគរបាលខេត្តព្រៃវែង បានធ្វើការស្រាវជ្រាវរហូតតាមចាប់ក្រុមចោរប្លន់ បានជាបន្តបន្ទាប់ ដែលធ្វើសកម្មភាពកាលពីពេលកន្លងទៅ ទាំងនៅខេត្តព្រៃវែង និងនៅតាមបណ្តាខេត្តដទៃទៀត៕