(ប៉ៃលិន)៖ ដើម្បីពង្រឹងសន្តិសុខ បទល្មើសជូញដូរ ការឆ្លងដែនខុសច្បាប់ និងការទប់ស្កាត់ការឆ្លងចូលជំងឺកូវីដ-១៩ ដោយមិនបានធ្វើចត្តាឡីស័ក នៅរាត្រីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកស្នងការនគរបាលខេត្ត មេបញ្ជាការប្រចាំទិស មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានដឹកនាំកងកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះត្រួតពិនិត្យសភាពការព្រំដែន តាមច្រករបៀងតូចៗ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោកស្រី បាន ស្រីមុំ បានថ្លែងថា ក្នុងការចុះត្រួតពិនិត្យតាមច្រកនីមួយៗផ្ទាល់លោកស្រី បានស្នើទៅមេបញ្ជាការគ្រប់អង្គភាពដែលកំពុងឈរជើងនៅទីនោះឱ្យដាក់កងកម្លាំងការពារឱ្យបានគ្រប់គ្រាន់ ឈរលើស្មារតីការពារ និងទទួលខុសត្រូវឱ្យបានខ្ពស់ ចៀសវាងការគប់គិតជាមួយជនទុច្ចរឹតប្រព្រឹត្តិបទល្មើសផ្សេងៗប្រាសចាកពីច្បាប់ ពិសេសបើមានពលករខ្មែរឆ្លងដែនតាមច្រករបៀងណាមួយក៏ដោយ ត្រូវរាយការណ៍ជូនប្រធានអង្គភាព និងក្រុមការងារគ្រូពេទ្យជំនាញប្រចាំការ ដើម្បីរៀបចំបញ្ជូនពួកគាត់ទៅមណ្ឌលចត្តាឡីស័ក ដែលលោកស្រីអភិបាលខេត្តបានរៀបចំរួចជាស្រេច។
លោកស្រីអភិបាលខេត្ត បានបន្តថា ការចុះទៅព្រំដែន ដើម្បីធ្វើការត្រួតពិនិត្យ ការដឹកជញ្ជូនប្រជាពលរដ្ឋដែលធ្វើការចំណាកស្រុកនៅតាបន្ទាត់ព្រំដែន ត្រូវអនុវត្តឱ្យមានលទ្ធផលល្អរហ័ស និងមានប្រសិទ្ធភាពនូវបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ទាក់ទិនការដឹកជញ្ជូនពលករខ្មែរ ការធ្វើចត្តាឡីស័កបង្ការជំងឺកូវីដ-១៩ និងធ្វើការពង្រឹងសន្តិសុខនៅតាមព្រំដែន។
ទន្ទឹមនឹងនេះដែរលោកស្រី បាន ស្រីមុំ បានបញ្ជាក់ថា ពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្ររបៀងផ្សេងៗ ត្រូវបានក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញត្រួតពិនិត្យវាស់កំដៅរួចរួចបញ្ជូនធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។
លោកបានបន្ថែមថា ដើម្បីដាក់វិធាការបន្ថែមក្នុងការពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ឱ្យបានហ្មត់ចត់ តឹងរឹងបំផុតនោះត្រូវត្រួតពិនិត្យវាស់កំដៅ ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួង សុខាភិបាល។
បើតាមក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញដែលប្រចាំការនៅចំណុចខាងលើបានឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ចាពីសម្តេចតេជោ ហ៊ុន សែន មកមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បានរឹតបន្តឹងបំផុតនៅពេលដែលពួកកាត់ចេញពីទឹកដីថៃ មិនអនុញ្ញាតឱ្យពួកគាត់ចេញទៅណាបាត់ម្នាក់នោះទេ ដោយធ្វើការពិនិត្យសំណាក និងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ៕