(កំពង់ស្ពឺ)៖ នាយឧត្ដមសេនីយ៍កិត្ដិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការងនៃកងយោធពល ខេមរភូមិន្ទ (ខ.ភ.ម) និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខនាយ-ពលទាហាន និងសិក្ខាកាមវគ្គហ្វឹកហ្វឺន នៅទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានរំលឹកអំពីការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន បានតស៊ូរំដោះប្រទេស ឲ្យរួចផុតរបបប្រល័យពូជសាសន៍ ប៉ុល ពត តាំងពីឆ្នាំ១៩៧៩ ជាមួយឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំ ដែលបានពាលីជីវិត រហូតដល់មាននយោបាយឈ្នះឈ្នះនៅឆ្នាំ១៩៩៨ ដែលធ្វើឲ្យប្រទេសជាតិ មានសុខសន្ដិភាព ពេញលេញបរិបូរណ៍ រហូតដល់ពេលបច្ចុប្បន្ន ធ្វើឲ្យជីវភាពប្រជាជន មានការកើនឡើងល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ព្រមទាំងយកអំណោយរបស់លោកទាំង២ជាច្រើន មកចែកជូនផងដែរ។
បន្ថែមពីនោះទៀត នាយឧត្តមកិត្តិបណ្ឌិត បានដាក់បទបញ្ជាដល់នាយ និងពលទាហានទាំងអស់ទាំងអស់ឲ្យគោរពនូវ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបន្ដគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីបន្ដទៀត ហើយត្រូវការពារសម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន និងក្រុមគ្រួសារទាំងមូលដោយមានការទទួលខុសត្រូវខ្ពស់។
នាយឧត្តមសេនីយ៍ បានផ្ដាំផ្ញើសិក្ខាកាមទាំងអស់ សូមកុំឲ្យប្រព្រឹត្ដិអំពើខុសច្បាប់ និងមិនត្រូវការពារទៅលើជនណាដែល ខុសច្បាប់នោះឡើយ ហើយត្រូវចូលរួមការពារជាតិ កម្ចាត់ជនទុច្ចរិក ក្រុមបដិវត្ដពណ៌ ដែលចង់បំផ្លាញប្រទេសសុខសន្ដិភាព ហើយដាច់ខាតធ្វើយ៉ាងណា ត្រូវចូលរួមការពារសុខសន្ដិភាព ជូនប្រជាជន ព្រមទាំងលើកឡើងពីសភាពការណ៍ជាតិ និងអន្តរជាតិជូនចំពោះនាយ និងពលទាហានឲ្យបានយល់៕