(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា មានក្រុមចោរ៤នាក់ បានធ្វើសកម្មភាពគាស់ផ្ទះ អាជីវករលក់មាស ក្នុងផ្សារថ្មគោលថ្មី ស្ថិតក្នុងភូមិប៉ោយយង់ ឃុំតាពូងស្រុកថ្មគោល យកទ្រព្យអស់មួយចំនួន។
សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីគាស់ផ្ទះអាជីវករលក់មាសនេះ កើតឡើងនៅម៉ោង ១១៖៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ប៉ុន្តែយ៉ាងណា ពុំមានសមត្ថកិច្ចណា អាចលម្អិតរឿងនេះបាននៅឡើយទេ ដោយបច្ចុប្បន្នសមត្ថកិច្ចសហការគ្នា តាមរកចាប់ខ្លួនក្រុមចោរទាំងនោះ។ ជនរងគ្រោះមានឈ្មោះ ឯក រ៉ាវី ភេទស្រីអាយុ៥១ឆ្នាំ មុខរបរលក់មាសក្នុងផ្សារថ្មីថ្មគោល។
បើតាមប្រភពក្រៅផ្លូវមួយទៀតបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនល្មើសមាគ្នា៤នាក់ ជិះរថយន្តតូចពណ៌ខ្មៅ ទុកឆ្ងាយពីទីតាំងហើយ ចូលតាមក្រោយផ្ទះ បានគាស់បង្អួចចូលសែងទូដែកចេញ មកបន្ទប់បាយគាស់ទូរដែកហើយ រួចបើកគន្លឹះទ្វារ ក្រោយចេញទៅបាត់ដោយសុវត្តិភាព ហើយលុយ និងគ្រឿងអលង្កការដែលបាត់នោះ អស់ជិត៤ម៉ឺនដុល្លា៕