(បន្ទាយមានជ័យ)៖ បុរសម្នាក់បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតអាយុ១០ឆ្នាំ បានចំនួន២លើក ទើបបែកការណ៍ និងត្រូវនគរបាលឃាត់ខ្លួន។ សកម្មភាពចាប់រំលោភនេះ នៅវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។

លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ៅ សុវណ្ណ អាយុ៣៨ឆ្នាំ នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ឲ្យដឹងបន្តថា នៅពេលកើតហេតុ ឈ្មោះ ម៉ៅ សុវណ្ណ បានចាប់កូនស្រីរបស់ខ្លួនរំលោភ ពេលដែលកំពុងដេកជាមួយម្តាយ។ ពេលនោះ ត្រូវប្រពន្ធភ្ញាក់ទាន់ក៏ស្រែកឆោឡោ ហើយបានមកប្តឹងនគរបាលការពារព្រំដែនគោកលេខ៨០៧ ដើម្បីជួយអន្តរាគមន៍ចាប់ខ្លួនជនល្មើស តែជនល្មើសគេចបាត់។

លុះម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលចម្រុះចុះស្រាវជ្រាវឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបាន ហើយបញ្ជូនមកស្នងការដើម្បីសួរបន្ត។

បើតាមលោកស្រីឧត្តមសេនីយ៍ត្រី ឌីសុជាតិ ស្នងការរង ទទួលការងារយេនឌ័រ និងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះពិតមែន ព្រោះខឹងក្មេងស្រីនេះថាខ្លួនមិនមែនជាឪពុកបង្កើត គឺជាកូនប្រុសសាហាយប្រពន្ធខ្លួន ហើយក្មេងស្រីរងគ្រោះនេះ ខ្លួនរំលោភបាន ២ដងមកហើយ ខណៈលើកចុងក្រោយនេះ ប្រពន្ធភ្ញាក់ទាន់ប្តឹងនគរបាលឲ្យចាប់ខ្លួនតែម្តង។

ដោយផ្អែកលើបណ្តឹងស្រ្តីជាម្តាយក្មេងរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ កម្លាំងការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់៕