លោក អ៊ិត សំហេង៖ ឆ្នាំ២០១៥ កម្ពុជាទទួលបានចំណូល ជាង១ពាន់លានដុល្លារ ពីពលករខ្មែរនៅក្រៅប្រទេស
17-02-2016 15:00
(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ឆ្នាំ២០១៥កន្លងទៅនេះ ប្រទេសកម្ពុជា បានទទួលចំណូលជាង ១ពាន់លានដុល្លារពីពលករទៅក្រៅប្រទេស។
លោក អ៊ិត សំហេង បានអះអាងបែបនេះ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងពិធីសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក អ៊ិត សំហេង បានលើកឡើងថា «យើងប៉ាន់ប្រមាណដោយសុទិដ្ឋនិយម មិនខ្ពស់ពេក មិនទាបពេក យើងគិតថាចំណូលដែលបងប្អូនយើង បានសន្សំពីការងារហើយផ្ញើមកប្រទេសវិញ ផ្ញើមកកាន់ក្រុមគ្រួសាររបស់គេហ្នឹង យើងសរុបទៅប្រហែលជាជាង១ពាន់លានដុល្លារ»។
បច្ចុបន្នកម្ពុជាបានបញ្ជូនពលករទៅកាន់ប្រទេសចំនួន៤ រួមមានថៃ ជប៉ុន ម៉ាឡេស៊ី និងប្រទេសកូរ៉េខាងត្បូងជាដើម។ លោករដ្ឋមន្រ្តី អ៊ិត សំហេង បានបញ្ជាក់ថា រហូតដល់ពេលនេះចំនួនពលករខ្មែរនៅក្រៅប្រទេស មានចំនួនប្រមាណពី ៦៥-៧០ម៉ឺននាក់៕