(ភ្នំពេញ)៖ បុរសជាម្ចាស់ម៉ូតូ៤នាក់ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្នុងពេលតែម្តង ក្រោយពីត្រូវចោរកាច់កម៉ូតូ ក្នុងនោះមានម្នាក់ជាអ្នករត់ម៉ូតូឌុប ត្រូវជនសង្ស័យរុញច្រាន រួចលើកយកម៉ូតូជិះគេចបាត់ដោយសុវត្ថិភាព នៅវេលាម៉ោង១២៖២០នាទី ថ្ងៃត្រង់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។
ជនរងគ្រោះទី១ ឈ្មោះគង់ ឌីណា អាយុ២១ឆ្នាំ មុខរបររោងចក្រស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបាត់ម៉ូតូC១២៥ សេរី២០១៣ខ្មៅភ្នំពេញ1១BQ-១៣០៧ ទី២ ឈ្មោះ តាយ សារ៉ូ អាយុ២១ឆ្នាំ មុខរបរកម្មករ រោងចក្រស្នាក់នៅ ផ្ទះជួលភូមិព្រៃទាបាត់ម៉ូតូC១២៥ ឆ្នាំ២០១៥ ភ្នំពេញ1CZ-៧៧៤១ ទី៣ ឈ្មោះ ស៊ុម ប៉ុនធា អាយុ៣០ឆ្នាំស្នាក់នៅ ភូមិព្រៃទា បាត់ម៉ូតូC១២៥ ឆ្នាំ២០១០ ភ្នំពេញ1AR-៥២៤៣ និងទី៤ បុរសជាអ្នករត់ម៉ូតូឌុប ត្រូវជនសង្ស័យច្រានដួលនោះ ម៉ូតូម៉ាកសេC១២៥ ឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1CR-១៥៤៣ ក្នុងបុរីសែនមនោរម្យ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានប្រាប់ភ្នាក់ងារ Fresh News ថា មុនពេលកើតហេតុ ជនរងគ្រោះទាំងបីនាក់ មកពីធ្វើការរួចហើយ ឡើងទៅហូបបាយ នៅជាន់លើមួយភ្លេត ស្រាប់តែចេញមកវិញក៏បាត់ម៉ូតូតែម្តង។ ជាមួយគ្នានេះ បុរសរត់ម៉ូតូឌុបម្នាក់ ខណៈដែលឌុបជនសង្ស័យម្នាក់ ទៅដល់បូរីសែនមនោរម្យ ពេលនោះខណៈកំពុងហូតលុយអាប់ ក៏ត្រូវជនសង្ស័យរុញច្រានដួល រួចលើកម៉ូតូជិះទៅបាត់ដោយសុវត្ថិភាព។ក្រោយកើតហេតុ ជនរងគ្រោះរត់មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ដើម្បីជួយអន្តរាគមន៍៕