(សៀមរាប)៖ ក្រោមការយកចិត្តទុកដាក់អំពីសំណាក់ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និង ការចង្អុលបង្ហាញអំពីលោកស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌខេត្តសៀមរាប នៅ១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោកវរៈសេនីយ៍ឯក ភឹង ចិន្តារ៉េត ជានាយការិយាល័យព្រហ្មទណ្ឌកំរឹតស្រាល បានដឹកនាំកំលាំងចុះបង្រ្កាបផ្ទាល់ដោយសហការណ៍ជាមួយលោកអធិការរងទទួលបន្ទុកព្រហ្មទណ្ឌ នៃអធិការនគរក្រុងសៀមរាប បានបង្ក្រាបទីតាំង ល្បែងស៊ីសងខុសច្បាប់ (ភ្នាល់កន្ទុយលេខ) នៅក្នុងក្រុងសៀមរាប ចំនួន ២ទីតាំងធំៗ ឃាត់ខ្លួនមេឆ្នោតបាន ២នាក់ ដោយ ទីតាំងទី១ មានឈ្មោះ អេង ចំរើន ភេទប្រុស អាយុ ៣២ឆ្នាំ ស្ថិតក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាបក្រុង សៀមរាប រីឯទីតាំងទី២ មានឈ្មោះ យិន វណ្ណនីភេទស្រី អាយុ ៥២ឆ្នាំ ស្ថិតក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។
នៅក្នុងថ្ងៃដដែលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលក៏បានបង្ក្រាប និងឃាត់ខ្លួនអ្នកលក់ឆ្នោត១កន្លែងទៀត នៅក្នុងផ្សារស្រុកបន្ទាយស្រី ដែលមានឈ្មោះ នី សុីណាត ភេទស្រី អាយុ២៩ឆ្នាំ ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីផងដែរ។
កិច្ចប្រតិបត្តិការនេះក៏ស្ថិតក្រោមការដឹកនាំ និងសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញា កើត វណ្ណារ៉េត ផងដែរ។
សូមបញ្ជាក់ដែរថា បើតាមមតិរបស់មហាជនមួយចំនួន នៅក្រុងសៀមរាប បានធ្លាប់ប្រាប់ភ្នាក់ងារអង្គភាព Fresh News ឲ្យដឹង និងជួយចុះផ្សាយថា នៅក្រុងសៀមរាប មានទីតាំងកត់កន្ទុយលេខច្រើនគួសមផងដែរ ដូចជានៅម្ដុំផ្សារដើមក្រឡាញ់ ផ្សារចាស់ ផ្សារក្រោម ផ្សារដីហុយ ផ្សារលើធំថ្មី ជាដើម។
មតិបានលើកឡើងទៀតថា ក្រៅពីនោះក៏មានកន្លែងលេងអាប៉ោង ជល់មាន់ និងចាក់ភ្នាល់បាលផងដែរ ដែលមហាជនខ្លះបាន លើកការសង្ស័យថា មានសមត្ថកិច្ចមូលដ្ឋាន មួយចំនួន ជាអ្នកកាង និងដើរដាក់ខែ យកប្រាក់ចិញ្ចឹមអាត្មារៀងៗខ្លួន ហើយពេលដឹងថា មានសមត្ថកិច្ចថ្នាក់ចុះប្រតិបត្តិការ ពួកគេនោះ ជាអ្នកប្រាក់ឲ្យផ្អាក់សកម្មភាពជាបណ្ដោះអាសន្ន ក៏មានដែរ ហើយពេលថ្នាក់លើរបស់គេសួនាំ គេថានៅមូលដ្ឋានរបស់គេ មិនមានការលេងល្បែងស៊ីសង់ខុសច្បាប់អ្វីនោះទេ ទោះបីជាទង្វើរមួយចំនួនទាំងនេះ ត្រូវបានមហាជនដឹងឮ និងធ្លាប់មានការរាយការណ៍កន្លងមកយ៉ាងណាក្ដី។ ពួកគាត់បន្ដជាមតិទៀតថា ដូចជាពេលនេះ ទាល់តែសមត្ថកិច្ចថ្នាក់ខេត្ត ចុះប្រតិបត្តិការដោយផ្ទាល់ទើបចាប់បាន ។
ទន្ទឹងនឹងក្នុងនោះផងដែរ លោកក៏បានធ្វើសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរលក់កន្ទុយលេខទាំងនេះ ក៏ដូចជាអ្នកលេង និងផ្ដល់ទីតាំងលែងល្បែងស៊ីសង់ខុសច្បាប់ទាំងឡាយ ត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះវាជាមុខរបរខុសនឹងច្បាប់ បើមិនឈប់ទេ ខាងសមត្ថកិច្ចនឹងមានវិធានការ ដោយមិនលើកលែងឡើយ ៕