(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ ជាថ្ងៃខួបទី៨ឆ្នាំ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA), លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលរបស់ TYDA បានផ្ញើសារថ្លែងអំណរគុណ ដល់សមាជិកសមាជិកាទាំងអស់ នៃសមាគមដែលបានចូលរួម ក្នុងបុព្វហេតុមនុស្សធម៌ ដោយសម្រេចភារកិច្ចដ៏ត្រចះត្រចង់។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ ដល់បណ្ដាស្ថាប័ន អង្គការ សមាគមជាដៃគូទាំងអស់របស់ TYDA ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសមាគម ដែលជួយបង្កលក្ខណៈឱ្យសកម្មភាពមនុស្សធម៌ របស់សមាគមបានប្រព្រឹត្ត ទៅដោយប្រសិទ្ធភាព។

លោក ហ៊ុន ម៉ាណែត បានសរសេរក្នុង Faecbook របស់លោកទាំងស្រុងយ៉ាងដូច្នេះថា «ក្នុងឱកាសខួបទី ៨ ឆ្នាំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ខ្ញុំសូមសម្ដែងនូវការអរគុណ ចំពោះការចូលរួមយ៉ាងសកម្មរបស់សមាជិកសមាជិកាទាំងអស់ នៃសមាគមដែលបាន ធ្វើឲ្យសមាគមអាចសម្រេចភារកិច្ចដ៏ត្រចះត្រចង់ជាច្រើន នៅក្នុងបុព្វហេតុមនុស្សធម៌ ព្រោះថាជោគជ័យរបស់សមាគមក្នុង៨ឆ្នាំនេះ មិនអាចសម្រេចបាន បើគ្មានការចូលរួមគាំយ៉ាងសកម្ម របស់សមាជិកសមាជិកាសមាគមទាំងអស់ទេ។

ខ្ញុំសូមអរគុណចំពោះបណ្ដាស្ថាប័ន អង្គការ សមាគមជាដៃគូទាំងអស់របស់ TYDA ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសមាគមយើង ដែលជួយបង្កលក្ខណៈឱ្យសកម្មភាពមនុស្សធម៌ របស់សមាគមបានប្រព្រឹត្ត ទៅដោយប្រសិទ្ធភាព។

ខ្ញុំក៏សូមអរគុណផងដែរ ចំពោះបណ្ដាសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រដល់សមាគម ដែលបង្កលក្ខណៈឱ្យសមាគមយើង មានលទ្ធភាពបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួន បានទូលំទូលាយក្នុងការជួយ ដល់ប្រជាពលរដ្ឋក្រីក្រ»។

សូមជម្រាបថា TYDA បង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ដោយចាប់ផ្ដើមបង្កើតឡើង តាំងពីមានសមាជិកតែ៨នាក់ រហូតដល់ជិត៦០០០នាក់។ TYDA បានជួយព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋយើងបានជាង ៣៣ម៉ឺននាក់ និងព្យាបាលជំងឺធ្ងន់ធ្ងរបានជាង៦ពាន់នាក់
ក្នុងរយៈពេល៨ឆ្នាំ៕