(ភ្នំពេញ)៖ កុមារតូចចំនួនជាង ៤០,០០០នាក់ បានទទួលការគាំទ្រ ផ្នែកគាំពារ និងអភិវឌ្ឍន៍កុមារតូចតាមផ្ទះ តាមរយៈកម្មវិធី អំណានដំបូង ដែលបានអនុវត្តអស់រយៈពេលចំនួន៣ឆ្នាំ ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍ របស់ក្រុមហ៊ុនសាជីវកម្មព្រូដិនសលអាស៊ី។
កម្មវិធីបានចាប់ផ្ដើមអនុវត្តនៅឆ្នាំ ២០១៣ ដោយអង្គការ Save the Children ដោយសហការជាមួយ ក្រសួងអប់រំយុវជននិងកីឡា អង្គការស៊ីប៉ា អង្គការវឌ្ឍនភាព និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតក្នុងខេត្តគោលដៅចំនួន៤ គឺកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងព្រៃវែង។
កម្មវិធីអំណានដំបូង មានគោលបំណងលើកកម្ពស់សមត្ថភាពរៀន និងអានអក្សរសម្រាប់កុមារតូចដែលមានអាយុក្រោម ៦ឆ្នាំ តាមរយៈការអភិវឌ្ឍ និងការផ្តល់សម្ភារៈសម្រាប់ហាត់រៀនអាន ដែលប្រកបដោយគុណភាព និងសមស្របតាមកម្រិតអាយុរបស់កុមារ ហើយក៏បានជួយលើកកម្ពស់ការភ្ញោចប្រាជ្ញាស្មារតីរបស់កុមារតូចៗ តាមរយៈការគាំទ្រផ្នែកគាំពារ និងអភិវឌ្ឍន៍កុមារភាពនៅតាមផ្ទះ។
លោកស្រី ខូយ រ៉ានី ទីប្រឹក្សាកម្មវិធីគាំពារ និងអភិវឌ្ឍន៍កុមារតូច នៃអង្គការ Save the Children បានឲ្យដឹងថា កម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូច «អំណានដំបូង» មានសារសំខាន់ណាស់ ព្រោះតាមការសិក្សាបានបង្ហាញថា កុមារមានភាពងាយស្រួលក្នុងការចាប់ផ្តើមរៀនអាន ប្រសិនបើពួកគេចាប់ផ្តើមតាំងពីនៅវ័យក្មេង ដែលគាំទ្រដោយមូលនិធិព្រូដិនស៍ បានធ្វើការសហការជាមួយនឹងអ្នកបោះពុម្ពផ្សាយ និងអ្នកនិពន្ធសៀវភៅក្នុងស្រុក ដើម្បីធ្វើយ៉ាងណាផលិត និងផ្គត់ផ្គង់សៀវភៅកុមារតូចៗ ដែលមានគុណភាពសម្រាប់កុមារតូចគ្រប់រូប និងក្រុមគ្រួសាររបស់ពួកគេ ឲ្យមានសម្ភារៈសម្រាប់អនុវត្តការអានបានគ្រប់គ្រាន់។
តាំងពីចាប់ផ្ដើមមកដល់ពេលនេះ កម្មវិធីអំណានដំបូង បានផ្តល់ការបណ្តុះបណ្តាលដល់ លោកគ្រូអ្នកគ្រូជាង២០០នាក់ និងនារីឃុំ (ទទួលបន្ទុកស្រ្តីនិងកុមារ) ជាង ២០០នាក់ព្រមទាំងឪពុក-ម្តាយ ឬអ្នកថែទាំកុមារតូចចំនួន៣៩,៤៥១នាក់ មកពី១០៦២ភូមិ ក្នុងខេត្តគោលដៅ។ កម្មវិធីក៏បានចែកចាយសៀវភៅ ចំនួន១០៩,៥៤១ក្បាល ដល់កុមារតូចចំនួន៤៧,៦៨៨ នាក់ថែមទៀតផង។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ក៏បញ្ជាក់ថា ការសិក្សាស្រាវជ្រាវបានរកឃើញថា កុមារអាយុពី៣-៥ឆ្នាំ បើគាត់ទម្លាប់អានពីក្មេង គឺគាត់ទម្លាប់រហូតដល់ពេលគាត់ធំឡើង ដូច្នេះហើយទើបពេលកូននៅក្មេង មាតាបិតាត្រូវទម្លាប់ឲ្យកូនទៅបណ្ណាល័យ និងផ្តល់សៀវភៅឲ្យកូន ដើម្បីឲ្យគាត់ទម្លាប់អានពីតូច នៅពេលគាត់អានហើយ គឺគាត់នឹងមានទម្លាប់ល្អ ចូលទៅបឋមសិក្សា និងមធ្យមសិក្សា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជោគជ័យ នៅពេលគាត់បន្តការសិក្សា ឡើងទៅថ្នាក់លើ៕