(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មាន Fresh News បានស្នេីសុំឱ្យសារព័ត៌មានខ្មែរថែម៍ ធ្វេីការកែតម្រូវនូវការចុះផ្សាយព័ត៌មានខុសរបស់ខ្លួន ដែលថា មានបុរសម្នាក់ផ្ទុកកូវីដ១៩ គេចមិនធ្វើចត្តាឡីស័កនៅតាមព្រំដែន។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា រូបលោកស្រីផ្ទាល់ មិនបានជូនព័ត៌មានដែលដូចការចុះផ្សាយរបស់សារព័ត៌មានខ្មែរថែម៍នៅថ្ងៃនេះដែរ ដែលក្រសួង និងរូបលោកស្រីផ្ទាល់ សូមច្រានចោលទាំងស្រុង។ លោកស្រីបញ្ជាក់ថាបុរស អាយុ២៦ឆ្នាំ មកពីប្រទេសថៃ បានចូលមកដល់ ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល នៅពេលយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
លោកស្រី បានបញ្ជាក់ទៀតថា ក្រោយទទួលបានព័ត៌មាន មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋានស្រុកបានចុះទៅពិនិត្យអប់រំណែនាំពីវិធានការ និងតម្រូវឲ្យគាត់ធ្វេីចត្តាឡីស័កនៅផ្ទះ ដែលមានម្តាយ និងប្អូនស្រី១នាក់ ហើយមានសមត្ថកិច្ចនៅតាមដានប្រចាំការ។
លោកស្រីបានបញ្ជាក់បន្ថែមទៀតថា៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ គាត់ត្រូវបានយកសំណាក ហើយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមាននៅល្ងាចថ្ងៃដដែល និងបន្តតាមដានសុខភាពជូនគាត់ ។ ១៣ថ្ងៃក្រោយ គាត់នឹងត្រូវយកសំណាកធ្វើ តេស្តលើកទី២ ម្តងទៀត៕