(ភ្នំពេញ)៖ ចាងហ្វាងផលិតកម្ម «H2O Production» លោក យិន សុខហេង បានថ្លែងក្នុងជំនឿចិត្តថា រឿង«ខ្មោចប្រពន្ធស្ដេចល្បែង» បន្ទាប់ពីចាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នឹងទទួលបានជោគជ័យខ្ពស់ បើទោះបីជារឿងនេះ ជាវណ្ណកម្មលើកទី១ របស់ផលិតកម្មរបស់លោកក្ដី ប៉ុន្តែលោកបានមើលឃើញ ពីសន្ទុះនៃការគាំទ្រ ជាពិសេសសាច់រឿង មានភាពទាក់ទាញច្រើន ខុសប្លែកពីរឿងដទៃ។
លោក យិន សុខហេង ថ្លែងបែបនេះ ក្នុងពិធីបើកសម្ពោធចាក់បញ្ចាំងជាផ្លូវការ នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅរោងភាពយន្ត Major ផ្សារទំនើប Aeon ដោយក្នុងនោះក៏មានការចូលរួម ពីសំណាក់តារាសម្ដែង ក្នុងភាពយន្តនេះ ព្រមទាំងទស្សនិកជន ជាច្រើននាក់។
ចាងហ្វាងផលិតកម្មវ័យក្មេងរូបនេះ បានលើកឡើងថា ភាពយន្តរឿង «ខ្មោចប្រពន្ធស្ដេចល្បែង» ជាស្នាដៃទី១របស់ផលិតកម្ម «H2O Production» ដោយបានសម្រិតសម្រាំងឡើង យ៉ាងពិសេស ក្នុងនោះទាំងតួសម្ដែង បច្ចេកទេសថត និងទីតាំងថត ដោយបានធ្វើដំណើរផ្ដិតយកទិដ្ឋភាព នៃទីក្រុងដ៏ស៊ីវីល័យ ហុងកុង ។ ចំណែកនៅក្នុងប្រទេសកម្ពុជា គឺមានតាំងថត ស្ថិតនៅក្នុងតំបន់លោកយាយ ម៉ៅ ពេជ្រនិល ដែលជាតំបន់ព្រៃភ្នំ មានទេសភាពគួរជាទីទាក់ទាញ។ «ខ្មោចប្រពន្ធស្ដេចល្បែង» ជាប្រភេទរឿង ដែលមានគ្រប់រសជាតិ មានខ្មោច គំនុំសងសឹក ការភ្នាល់ល្បែង កំសត់ ពិសេសជាងនេះ គឺមានឈុតឆាក កំប្លែងសើច សើច តាំងពីដើមរហូតដល់ចប់។
លោកបន្តថា មានផលិតកម្មជាច្រើនមកហើយ ដែលកំពុងផលិតរឿងប្លែកៗគ្នា ហើយថតនៅក្នុងស្រុកខ្មែរច្រើន ប៉ុន្តែស្នាដៃដំបូងរបស់លោកនេះ ចង់ធ្វើឲ្យមានលក្ខណៈ ប្លែកពីរឿងដទៃ ដោយតម្រូវឲ្យទៅផ្ដិតយករូបភាព ដល់ក្រុងហុងកុង ដើម្បីឲ្យផ្ទៃរឿងទាំងមូល មានសកម្មភាពរស់រវើក មានប្លង់ល្អៗ ដូចជាតំបន់ទេសចរណ៍ ផ្លាស់ប្ដូរវប្បធម៌ រវាងគ្នានឹងគ្នា បើទោះបីជាប្រទេសគេ ជឿនលឿនជាងយើងយ៉ាងណាក្ដី ក៏យើងចង់ឲ្យមានភាពប្លែកភ្នែក សម្រាប់ទស្សកជនខ្មែរយើងដែរ។
លោក យិន សុខហេង បញ្ជាក់ថា រឿង «ខ្មោចប្រពន្ធស្ដេចល្បែង» មិនមែនផ្ដោតសំខាន់ តែលើការលេងល្បែងនោះទេ ពោលក្នុងរឿងនេះ គឺមានគ្រប់រសជាតិ មានកំប្លែង ខ្មោចព្រាយ ភ័យរន្ធត់ កំសត់ហូរទឹកភ្នែក ការអប់រំឲ្យមនុស្សឲ្យចេះ កែខ្លួន ព្រោះការលេងល្បែង គ្មានអ្វីក្រៅតែការជួបក្ដីវិនាស រត់ចោលស្រុកនោះទេ។ ជាពិសេស អ្វីដែលលោកត្រូវគិតជាចម្បងនោះ គឺគុណភាពនៃសាច់រឿង ដោយលោកបានសម្រិតសម្រាំង ទាំងតួសម្ដែង ទីតាំងថត បច្ចេកទេសថត និងសម្ភារៈផ្សេងៗ ដើម្បីឲ្យភាពយន្តមួយនេះ មានលក្ខណៈស្ដង់ដារ អាចប្រកួតប្រជែង ជាមួយភាពយន្តក្នុងស្រុក និងក្រៅស្រុកបាន។
ដូច្នេះរឿងទី១របស់លោក នឹងសង្ឃឹមយ៉ាងមុតមាំថា ទទួលបានជោគជ័យខ្ពស់ ហើយលោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះតារាសម្ដែងទាំងអស់ក្នុងរឿង និងក្រុមការងារ ដែលបានសហការគ្នាយ៉ាងល្អ តស៊ូថត ទោះក្រៅត្រជាក់ រងា យប់ ឬថ្ងៃ គឺអ្នកទាំងអស់គ្នា នៅតែព្យាយាម លុះត្រាតែរឿងថតចប់ដោយបរិបូរណ៍ និងទទួលបានផ្លែផ្កាដល់ថ្ងៃនេះ។ បន្ទាប់ពីរឿងទី១ លោកនឹងត្រៀមដាក់បញ្ចាំង រឿងទី២មួយទៀត មានចំណងជើងថា «ទឹកកន្លះក្អម» ដែលជារឿងបែបកំប្លែងថ្មីមួយទៀត ដើម្បីបំពេញសេចក្ដីត្រូវការ របស់ទស្សនិកជន អ្នកគាំទ្រភាពយន្តខ្មែរ។
សូមបញ្ជាក់ថា រឿង «ខ្មោចប្រន្ធស្ដេចល្បែង» ត្រៀមនឹងចាក់បញ្ចាំងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅតាមរោងភាពយន្តទំនើបនានា ក្នុងក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលជាចំណីអារម្មណ៍ថ្មី ប្លែក មួយទៀត សម្រាប់ទស្សនិកជន ចូលចិត្តតាមដានទស្សនា ភាពយន្តខ្មែរ៕