(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ ជួបសំណេះសំណាល និងស្វែងយល់អំពីជីវភាព កសិករ បណ្តុំអាជីវកម្មបកសាច់ក្តាម នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់។
ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន បានថ្លែងកោតសរសើរចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ជួយប្រជាកសិករនៅតាមជនបទ។
លោក គួច ចំរើន បានស្នើឲ្យខិតខំបន្ថែមទៀត ក្នុងការជួយគាំទ្រដល់កសិករតាមភូមិ ដោយបើកវគ្គបណ្តុះបណ្តាលខ្លីៗ និងប្រឹក្សាបច្ចេកទេសថ្មីៗ លើវិស័យដាំដុះ ផលិត ការចិញ្ចឹមសត្វជាដើម ដល់កសិករឲ្យពួកគាត់មានការយល់ដឹងកាន់តែច្រើនបន្ថែមទៀត និងយកជំនាញនេះទៅអនុវត្តទទួលបានលទ្ធផលខ្ពស់។
បើតាមលោកអភិបាលខេត្ត ក្នុងដំណាក់កាលនេះកូវីដ-១៩ នៅតែជាបញ្ហាគួរឲ្យប្រុងប្រយ័ត្នបំផុត និងស្នើពលរដ្ឋទាំងអស់ត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយលាងសម្អាតដៃ ជាមួយសាប៊ូ ជែល អាល់កុលឲ្យបានញឹកញាប់ ត្រូវពាក់ម៉ាស់ ឬក្រម៉ា រក្សាគម្លាតសុវត្ថិភាព ដើម្បីកុំឲ្យមាន ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងគ្រួសារ និងសហគមន៍។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានឲ្យដឹងថា ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ជាកម្មវិធីរបស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តដោយមន្ទីរកសិកម្ម ក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញឲ្យមានសន្ទុះអភិវឌ្ឍន៍វិស័យកសិកម្មកាន់តែរីកចម្រើន ពិសេសការជំរុញការដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ។
ឆ្លើយតបចំពោះគោលបំណងនេះ នៅចុងឆ្នាំ២០២០ មន្ទីរកសិកម្ម បង្កើតបណ្តុំអាជីវកម្ម ដោយមានការចូលរួមដោយកសិករតាមមូលដ្ឋាន បានចំនួន០៩ ស្មើនឹង៤២៩គ្រួសារ។ ក្នុងនោះបណ្តុំអាជីវកម្មដំណាំបន្លែ២ , បណ្តុំអាជីវកម្មចិញ្ចឹមមាន់មាន០២, បណ្តុំអាជីវកម្មចិញ្ចឹមត្រី៣, បណ្តុំអាជីវកម្មកែឆ្នៃបង្គារក្រៀម០១ និងបណ្តុំអាជីវកម្មបកសាច់ក្តាមចំនួន០១។
ក្នុងឱកាសនោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ក៏បានធ្វើការចែកសម្ភារដល់សមាជិកបណ្តុំអាជីវកម្មបកសាច់ក្តាម ចំនួន៤៥គ្រួសារ មកពីឃុំទឹកថ្លា ស្រុកព្រៃនប់ ក្នុងមួយគ្រួសារទទួលបាន ធុងក្លាសេ០១ កញ្ច្រែងដាក់ក្តាម០១ ស្រោមដៃមួយប្រអប់។ លោក គួច ចំរើន ក៏បានផ្តល់ជូនបន្ថែម ក្នុងមួយគ្រួសារក្រម៉ា០១ និងថវិកាមួយចំនួនផងដែរ៕