(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលសួរសុខទុក្ខ លោកវរសេនីយ៍ឯក វណ្ណ ដាវី មេបញ្ជាការកងល្បាតទី១ នៃកងការពារព្រំដែនលេខ ៥០៤ ដែលមានជំងឺ នណិងកំពុងសម្រាកព្យាបាល នៅគេហដ្ឋាន ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានឡើងថា បច្ចុប្បន្នគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើជីវភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយមិនទុកឲ្យកងកម្លាំងប្រដាប់អាវុធមួយណា ឈឺស្លាប់ដោយគ្មានអ្នកមើលថែនោះទេ។
លោកស្រីអភិបាលខេត្តបានបញ្ជាក់ថា កងកម្លាំងជាស្នូលដ៏ធំបំផុត ក្នុងការការពារសន្តិសុខ ជូនដល់ប្រជាពលរដ្ឋ និងគោរពនូវបទបញ្ជារបស់រាជរដ្ឋាភិបាលជានិច្ច ទោះបីជាកាលៈទេសៈ ណាក៏ដោយ ហើយគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជាជារៀងរហូត ពីព្រោះការដឹកនាំរបស់សម្តេច បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
លោកស្រី បាន ស្រីមុំ បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់ លោកវរសេនីយ៍ឯក វណ្ណ ដាវី និងក្រុមគ្រួសារ ត្រូវខិតខំព្យាបាលជំងឺ ឲ្យឆាប់ជាសះស្បើយ ដើម្បីចូលប្រើការ ងារ ឡើងវិញជូនជាតិ និងប្រជាជន ហើយក្នុងនោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងនៅជាមួយរួមសុខទុក្ខជាមួយយុទ្ធជនជានិច្ច។
សូមបញ្ជាក់ថា នៅក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខនោះ លោកស្រី បាន ស្រីមុំ បានឧបត្ថម្ភដល់លោកវរសេនីយ៍ឯក វណ្ណ ដាវី ដូចជា៖ អង្ករ ៥០គីឡូក្រាម, មី២កេស, ត្រីខ២យួរ, ទឹកស៉ីអ៉ីវ ១កេស, ទឹកដោះគោឆៅ៣ឡូ, ទឹកសុទ្ធ៤កេស និងថវិកាចំនួន ២,២០០,០០០រៀល៕