(កណ្ដាល)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដោយឃាត់ខ្លួនជនជាតិចិន ៣នាក់ និងជនជាតិវៀតណាមម្នាក់ ព្រមទាំងដកហូតបានថ្នាំញៀនជាង ១គីឡូក្រាម។
បើតាមប្រភពព័ត៌មាន បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល ឱ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួន ជនជាតិចិនចំនួន៣នាក់ និងជនជាតិវៀតណាមម្នាក់ នៅក្រុងតាខ្មៅ និងរាជធានីភ្នំពេញ ករណីជួញដូរថ្នាំញៀនខុសច្បាប់ចំនួនជាង១គីឡូក្រាម ដោយចាប់ខ្លួនជាបន្តបន្ទាប់ តាំងពីថ្ងៃទី១៩-២០ និងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
ប្រភពព័ត៌មានដដែលបានបន្តថា អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះពិសេសអនុវត្តតាមប្រសាសន៍ដឹកនាំ ព្រមទាំការយកចិត្តទុកដាក់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ដាស់តឿនក្រើនរម្លឹក ដល់មេបញ្ជាការ គ្រប់កងឯកភាពឱ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ពិសេសបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្មជាដើម។
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការសម្រមសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងមានការចុះដឹកនាំអនុវត្តផ្ទាល់ ពីលោកវរសេនីយ៍ឯក ទូច អ៉ីណាន មេបញ្ជាការរងទទួលការងារស្រាវជ្រាវ បង្ក្រាបបទល្មើស។
ប្រភពបានបញ្ជាក់ទៀតថា ជាក់ស្តែងករណីជនជាតិចិនមួយក្រុម ដែលរកស៉ីជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលធ្វើការ ស្រាវជ្រាវទាំងថ្ងៃទាំងយប់ មិនខ្លាចនឿយហត់ រហូតឈានដល់បង្ក្រាបបានជាបន្តបន្ទាប់ដូចខាងក្រោម៖
* នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ ២១B មុខដេប៉ូលក់ប្រេង ស្ថិតនៅភូមិព្រែកសំរោង ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កម្លាំងមូលដ្ឋានក្រុងតាខ្មៅ ចុះធ្វើការពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ឈ្មោះ KEICHEING ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិងនៅសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងឈប់ម៉ូតូរង់ចាំអ្នកទិញគ្រឿងញៀន ពេលនោះកម្លាំងជំនាញបានហៅសួរនាំ និងត្រួតពិនិត្យ រកឃើញក្រាមស ថ្លាសង្ស័យជាសាធាតុញៀន (ម៉ាទឹកកក) ចំនួន ០២កញ្ចប់មធ្យម ម្ស៉ៅស ថ្លាសង្ស័យជាសារធាតុញៀន (ម្ស៉ៅខេ) ចំនួន ០៧កញ្ចប់ ដកហូតម៉ូតូ ០១គ្រឿ ម៉ាក Air black ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ទូរស័ព្ទដៃចំនួន ០២គ្រឿង ប្រាក់រៀលចំនួន ២៣,២០០រៀល និងប្រាក់ដុល្លាចំនួន ៣០ដុល្លា។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្ស័យខាងលើបានសារភាពថា ខ្លួនបានទិញគ្រឿងញៀននេះពីជនជាតិចិនម្នាក់ នៅរាជធានីភ្នំពេញ ដើម្បីយកមកលក់បន្ត។
ប្រភពបានបន្ថែមថា ដោយមានការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និង ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស (ទទួលបន្ទុកការិយាល័យ ប្រយុទ្ធប្រឆាំងគ្រឿងញៀន) នាយការិយាល័យជំនាញពាក់ព័ន្ធរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានកិច្ចសហការល្អរវាងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញបានបន្តចុះដល់ផ្ទះជនសង្ស័យជួលស្នាក់នៅស្ថិតនៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមទាំងថ្នាំញៀនមួយចំនួនធំបន្ថែមទៀត។
ជនសង្ស័យរួមមានទី១៖ ឈ្មោះ JiNYUAN ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ ជួញដូរគ្រឿងញៀន, ទី២៖ ឈ្មោះ CHANGFA ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរជួញដូរគ្រឿងញៀន, ទី៣៖ ឈ្មោះ យៀបអាន់ហ្វឿង ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ និងទីលំនៅមិនពិតប្រាកដ។
ក្រោយពេលឃាត់ខ្លួន កម្លាំងជំនាញបានធ្វើការឆែកឆេររកឃើញថ្នាំញៀន និងដកហូតសម្ភារមួយចំនួនរួមមានទី១៖ ក្រាម សថ្លា សង្ស័យសារធាតុញៀនចំនួន ១៣កញ្ចប់ធំ និង០៨កញ្ចប់មធ្យម មានទម្ងន់១១៦៩.៣ក្រាម, ទី២៖ ថ្នាំគ្រវីចំនួន ០២គ្រាប់, ទី៣៖ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង, ទី៤៖ រថយន្ត ០១គ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ ស្លាកលេខ2BH, ទី៥៖ សម្ភារប្រើប្រាស់វេចខ្ចប់មួយចំនួនធំ, ទី៦៖ សំបកការទូសកាំភ្លើងបាញ់រួចចំនួន ០១ (វ៉ាងឌឺឡុង) ទី៧៖ ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងឯកសារពាក់ព័ន្ធមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ JINYUAN បានសារភាពថា ខ្លួនបានទិញសារធាតុញៀនខុសច្បាប់ពីឈ្មោះ ផាំង និងអា ឡុង ជនជាតិម៉ាឡេស៊ី ដែលស្នាក់នៅស្តាយឡាញ អគារ A ជាន់ទី២៧ បន្ទប់លេខ ២៧០១។
បើតាមប្រភពបន្ថែមមកទៀតថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល បានដឹកនាំសម្របសម្រួលកម្លាំងសម្ថកិច្ចកងរាជអាវុធហត្ថ ចុះឆែកឆេរបន្ទប់ខាងលើនៅចំណុច SKY LINE ផ្លូវ១៣៤ ភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
វត្ថុតាងដកហូតបានរួមមានទី១៖ សារធាតុផ្សំប្រភេទ ម៉្សៅ និងជេលមួយកញ្ចប់ទម្ងន់ ១៣៨៩.៦ក្រាម, ទី២៖ សារធាតុប្រភេទទឹក (ដប) និងថ្នាំអំពូលមួយកញ្ចប់ទម្ងន់ ១៤៤៤.២ក្រាម, ទី៣៖ សម្ភារសម្រាប់ជក់គ្រឿងញៀនមួយកញ្ចប់ទម្ងន់ ៦៤៥.៥ក្រាម, ទី៤៖ ថ្នាំពណ៌ស្វាយ ១កញ្ចប់ទម្ងន់ ២០.៨ក្រាម, ទី៥៖ ស៊ីមកាតទូរស័ព្ទ កាតធនាគា និងនាមបណ្ណជាភាសាបរទេសមួយចំនួន, ទី៦៖ សម្ភារបម្រើសម្រាប់ការផលិត និងថង់សម្រាប់ច្រកថ្នាំញៀនមានទម្ងន់ ៦៧ក្រាម, ទី៧៖ សៀវភៅកត់ត្រារូបមន្តធាតុផ្សំសារធាតុញៀនមួយក្បាល, ទី៨៖ រថយន្តមួយគ្រឿងម៉ាក RANGE ROVER VOGUE ពណ៌ខៀវចាស់ ផ្លាក់ស្លាកលេខភ្នំពេញ និងឯកសារពាក់ព័ន្ធ និងទី៩៖ ឯកសារផ្សេងៗទៀតមួយចំនួន។
សរុបចំនួនគ្រឿងញៀនខុសច្បាប់បង្ក្រាបបានរួមមាន៖ ម៉ាទឹកកក ២០៣,៨ក្រាម, កេតាមីន ៩៧៧.៥ក្រាម, អុិចស្តាសុីលគ្រាប់០,៨ក្រាម, មេតំហ្វេតាមីនគ្រាប់ ០,៣៣ក្រាម ដែលមានទម្ងន់សរុបចំនួន ១គីឡូ ១.៨២ខាំជាង។
បច្ចុប្បន្ននេះ កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ តាមរុករកជនសង្ស័យពាក់ព័ន្ធផ្សេងទៀត ចំណែកជនសង្ស័យទាំង ០៤នាក់ និងវត្ថុតាងខាងលើត្រូវបានជំនាញកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕