Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទះឃើញសពបុរសម្នាក់ ចងកសម្លាប់ខ្លួននៅលើដើមស្វាយ ក្នុងសាលាបុណ្យវត្តព្រែកប្រា ខណ្ឌច្បារអំពៅ

26-12-2020 14:51

(ភ្នំពេញ)៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ចងកសម្លាប់ខ្លួននៅលើដើមស្វាយ ក្នុងបរិវេណសាលាបុណ្យវត្តព្រែកប្រា ស្ថិតនៅភូមិអូអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។

លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា តាមការបំភ្លឺរបស់ព្រះតេជគុណព្រះនាម អាត សំណាង គង់នៅវត្តព្រែកប្រា បានបញ្ជាក់ថា នៅវេលាយប់រំលងអធ្រាទ្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ព្រះតេជគុណចូលសឹងក្នុងកុដ៏ បរិវេណសាលាបុណ្យវត្តព្រែកប្រា លុះដល់ព្រឹកឡើង ក្រឡេកទៅមើលដើមស្វា យស្រាប់តែឃើញមានមនុស្សចងកតែម្តង។

លោកអធិការបញ្ជាក់ថា ក្រោយពីផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ សហការជាមួយការិយាល័យនគរបាលបច្ចេកទេសកោសល្យវិច្ឆ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានពិនិត្យនៅកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ រកឃើញមាន មែកស្វាយបាក់៥កំណាត់ អាចបុរសរងគ្រោះយកខ្សែគោទៅទាក់បម្រុងចងក តែបាក់មែកហើយក៏បន្តទៅមែកស្វាយ១ទៀត ទើបចងកបានសម្រេច។

តាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ឆ័យ បានបញ្ជាក់ថា សាកសពពិតជាករណីចងកធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកប្រា ដើម្បីយកទៅវត្តច្បារអំពៅ ដម្កល់ទុករងចាំស្វែងរកគ្រួសារ៕