(ព្រៃវែង)៖ អង្ករជិត ៤៦តោន ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ត្រូវបានក្រុមការងារស្រុកបាភ្នំ ខេត្តព្រៃវែង យកទៅចុះចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ ចំនួន ១,៨៨១គ្រួសារ តាមឃុំទាំង៩ ក្នុងស្រុកទាំងមូល។
ការនាំយកអំណោយអង្ករ របស់សម្តេចក្រឡាហោម ស ខេង ទៅចែកជូនប្រជាពលរដ្ឋក្រីក្រតាមភូមិទាំង១០៨ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ ដោយបានប្រព្រឹត្តទៅនៅទីតាំងចំនួន៤កន្លែងខុសគ្នា៖
* ទីតាំងទី១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារស្រុក បានដឹកនាំក្រុមការងារចែកជូនប្រជាពលរដ្ឋ ៤៨៩គ្រួសារ មកពីឃុំឈើកាច់ ឃុំជើងភ្នំ និងឃុំរោងដំរី។
* ទីតាំងទី២ នៅតាមភូមិក្នុងឃុំស្ពឺ (ខ) លោក រស់ វរុណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំ បានដឹកនាំក្រុមការងារចែកអង្ករអំណោយ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ១៩៣គ្រួសារ ក្នុងឃុំ។
* ទីតាំងទី៣ នៅទីស្នាក់ការគណបក្សឃុំបឹងព្រះ មានលោក អ៊ីវ លាង អគ្គាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំ បានដឹកនាំការចែកអង្ករអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងឃុំចំនួន ២៨៤គ្រួសារ។
* ទីតាំងទី៤ ដែលដឹកនាំដោយលោក ហួន ច័ន្ទកក្កដា អគ្គាធិការរងក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឃុំ លោក សួន រស្មី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមុខងារសាធារណៈ និងលោក ញ៉ែម សុខជា ប្រធានមន្ទីរមុខងារសាធារណៈខេត្តព្រៃវែង ជាអនុប្រធានក្រុមការងារឃុំស្តៅកោង បានចែកអង្ករអំណោយជូនប្រជាពលរដ្ឋក្រីក្រក្នុងឃុំចំនួន ២០៥គ្រួសារ។
ជារួមគ្រួសារក្រីក្រនីមួយៗបានទទួលអង្ករចំនួន ២៥គីឡូក្រាម ហើយកន្លែងខ្លះក៏មានចែកជូនទឹកយែល អាល់់កុលលាងដៃ និងម៉ាសពាក់មុខមួយចំនួនផងដែរ។
សូមបញ្ជាក់ថា អង្ករអំណោយនេះ ត្រូវបានចែកជូនប្រជាជនក្រីក្រនៅឃុំស្ពឺ (ក) ចំនួន ២៥៩គ្រួសាររួចហើយៗ បន្តចែកជូននៅតាមឃុំដទៃទៀត ទៅតាមចំនួនកំណត់ រហូតដល់បញ្ចប់ជាស្ថាពរ៕