(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៥ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យទីកន្លែងធ្វើចត្តាឡីស័កសម្រាប់ពលរដ្ឋ ដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងបានចុះសួរសុខទុក្ខត្រួតពិនិត្យកម្លាំង ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងទប់ស្កាត់ការឆ្លងព្រំដែនកម្ពុជា-ថៃ ខុសពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។
ទិសទី១ យោធភូមិភាគទី៥ បានត្រៀមកម្លាំង និងមធ្យោបាយចល័តអន្តរាគមន៍ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក រង់ចាំអនុវត្តតាមបទបញ្ជាថ្នាក់លើ២៤ម៉ោង លើ២៤ម៉ោង។ ក្នុងនោះកម្លាំងមួយផ្នែក បានសហការជាមួយ កងកម្លាំងប្រដាប់អាវុធចម្រុះ មន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋានបានខិតខំបំពេញភារកិច្ចទាំងថ្ងៃទាំងយប់ ក្នុងកិច្ចប្រតិបត្តិការចូលរួមយុទ្ធនាការ ទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពិសេសអនុវត្តនូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ដោយសារការីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ នៅប្រទេសថៃ គិតពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ សរុបជាង១ពាន់នាក់ និងបានអនុវត្តវិធានការធ្វើចត្តាឡីស័ក ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណដល់អភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាសប្បុរសជននានាដែលបានជួយឧបត្ថម្ភ ជាថវិកា សម្ភារ គ្រឿងឧបភោគបរិភោគ ដល់កម្លាំងចម្រុះដែលកំពុងបំពេញបេសកកម្មជូនជាតិមាតុភូមិ ដែលនេះគឺជាសកម្មភាពរួមចំណែក «សមរភូមិក្រោយគាំទ្រសមរភូមិមុខ»៕