(ភ្នំពេញ)៖ យុវជនម្នាក់ជិះម៉ូតូយកកាដូទៅជូនមិត្តស្រីក្នុងថ្ងៃបុណ្យណូអ៊ែល តែជ្រុលទៅបុករថយន្ត Rolls Royce មួយគ្រឿង ពេញទំហឹងបណ្ដាលរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបែកកង់មុខ តែសំណាងបានម្ចាស់រថយន្ដចិត្តធម៌មិនទាមទារសំណង។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវបេតុង ក្នុងភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល។
យុវជនខាងលើឈ្មោះ មាន តាំងលី អាយុ២០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេញ1H-4751។ ចំណែករថយន្តម៉ាក Rolls Royce នោះពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AU-8888 ជាកម្មសិទ្ធិរបស់ឈ្មោះ មាន សុភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ អគ្គនាយករង និងជានាយកប្រតិបត្តិ «បុរីលាភសំណាង» មានទីលំនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល។
ម្ចាស់រថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុ លោកបើកបររថយន្តធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតលុះ ពេលទៅដល់ត្រង់ចំណុចកើតហេតុ បានឃើញយុវជនរូបនោះ ជិះម៉ូតូក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា ពីកើតទៅលិច យ៉ាងលឿនសម្ដៅមករថយន្តរបស់លោក។ បន្ទាប់ពីបានឃើញបែបនេះ លោកបានអែបខាង និងឈប់រថយន្ត ដើម្បីគេចចេញដែរ តែនៅតែត្រូវយុវជននេះជិះម៉ូតូមកបុកទៀត បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ និងបែកកង់មុខខាងស្ដាំ។
បន្ទាប់មកលោកបានធ្វើការសួរនាំ ហើយយុវជននោះបានប្រាប់ថា រូបគេកំពុងជិះម៉ូតូយកកាដូជូនមិត្តស្រី ដែលធ្វើការងារនៅក្នុងបុរីលាភសំណាង របស់លោកនោះដែរ ហើយស្រាប់តែម៉ូតូជាប់ហ្គារ ទើបជ្រុលមកបុករថយន្តបែបនេះ។ ម្យ៉ាងទៀតលោកបានដឹងថា យុវជននេះ គឺជាក្មេងកំព្រាដោយតាំងពីតូច ដល់ធំធ្លាប់ស្នាក់នៅក្នុងវត្ត ហើយសព្វថ្ងៃមានមុខរបរជាជាងសំណង់ទៀត ជាហេតុធ្វើឲ្យលោកមានការអាណិតអាសូរជាខ្លាំង ទើបលោកមិនបានទាមទារសំណងអ្វីឡើយ ខណៈដែលយុវជននេះលើកដៃសំពះទទួលកំហុស។
ប៉ុន្តែម្ចាស់រថយន្ដបានធ្វើការណែនាំដល់យុវជនរូបនេះ បើកបរឲ្យមានការប្រុងប្រយ័ត្នគោរពច្បាប់ កុំលឿនហួសហេតុ ចៀសវាងនូវការបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុដល់ខ្លួនឯង និងអ្នកដទៃនៅពេលក្រោយទៀតប៉ុណ្ណោះ៕