(ភ្នំពេញ)៖ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ និងមជ្ឈមណ្ឌលអាមេរិក សំរាប់ការសិក្សាអប់រំ នៅសហរដ្ឋអាមេរិក (EducationUSA) នឹងរួមគ្នារៀបចំពិព័រណ៍ ឆ្នាំ២០១៦ ស្តីពីការសិក្សាអប់រំនៅសហរដ្ឋអាមេរិក នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ពីម៉ោង៣រសៀល ដល់ម៉ោង៧យប់ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ ក្នុងរាជធានីភ្នំពេញ។
តំណាងចំនួន ១៦រូប មកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក នឹងជំរាបដល់សិស្សនិស្សិតកម្ពុជា ស្តីអំពីកម្មវិធីសិក្សានៅថ្នាក់ឧត្តមសិក្សា លក្ខខ័ណ្ឌទាមទារ ក្នុងការចុះឈ្មោះចូលរៀន និងឱកាសអាហារូបករណ៍ នៅសហរដ្ឋអាមេរិក។
ស្ថាប័នចូលរួមដទៃទៀត នៅក្នុងពិព័រណ៍នេះនឹងផ្តល់ព័ត៌មាន ស្តីពីទិដ្ឋាការសំរាប់សិស្ស និស្សិត កម្មវិធីផ្លាស់ប្តូរគ្នា របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសេវាផ្តល់ប្រឹក្សា ស្តីពីការសិក្សាអប់រំរបស់មជ្ឈមណ្ឌល EducationUSA ពិព័រណ៍នេះមានបំណងបង្ហាញអោយឃើញ ពីការគាំទ្ររបស់រដ្ឋាភិបាលអាមេរិក ចំពោះការខិតខំដើម្បីលើកកំពស់គុណភាពនៃការអប់រំ និងពង្រីកឱកាសក្នុងការសិក្សា និងក្នុងអាជីព សំរាប់ប្រជាជនកម្ពុជា។ ពិព័រណ៏នេះ ក៏ផ្តល់ជាមធ្យោបាយពិសេសមួយសំរាប់អោយ ប្រជាជនកម្ពុជាភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័ន ឧត្តមសិក្សានៅសហរដ្ឋអាមេរិក ហើយស្វែងយល់ពីអត្ថប្រយោជន៍នៃការទទួលបានការសិក្សានៅក្នុង សាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក។
លោកស្រី Julie Chung អនុប្រធានបេសកកម្មការទូតសហរដ្ឋអាមេរិក និងឯកឧត្តម ឡៅ ឈីអ៊ាវ អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា នឹងដើរមើលការតាំងពិព័រណ៍ នៅវេលាម៉ោងប្រហែល ៥ ល្ងាច។ អ្នកសារព័ត៌មានដែលចង់ចូលយកព័ត៌មាន នៅក្នុងពិព័រណ៍នេះ គួរទៅដល់កន្លែងតាំងពិព័រណ៍នៃសណ្ឋាគារ អាំងទែកុងទីណង់តាល់ត្រឹមម៉ោង ៤:៣០ ល្ងាច។
ចំពោះព័ត៌មានបន្ថែម សូមចូលមើលគេហទំព័រ http://cambodia.usembassy.gov/educationusa_fair.html ឬទាក់ទងមកមជ្ឈមណ្ឌល EducationUSA តាមលេខទូរស័ព្ទ ០១២ ៨៧៦ ៧៤៩៕