(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញលិខិតប្រាប់អភិបាលរាជធានី-ខេត្ត ស្តីពីការដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២១។ នេះបើតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ។
ក្នុងលិខិតបានឲ្យដឹងថា ក្នុងដំណើរការដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្រសម្រាប់ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា រដ្ឋបាលរាជធានី ខេត្តនីមួយៗ បានខិតខំយកចិត្តទុកដាក់ និងចូលរួមសហការ ក្នុងដំណើរការរៀបចំការដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជាផលប្រយោជន៍ដល់មន្ត្រីរាជការក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តកំណត់។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ សម្រាប់ឆ្នាំ២០២១ខាងមុខ ក្រសួងមុខងារសាធារណៈ បានស្នើឲ្យក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពន្លឿនការដំឡើង ឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំតាមវេនអតីតភាព តាមវេនជ្រើសរើស និងតាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការស៊ីវិល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានទាន់ពេលវេលា និងជាផលប្រយោជន៍ដល់មន្ត្រីរាជការម្នាក់ៗ ដែលបានខិតខំបំពេញការងារពិតប្រាកដ និងមានអតីតភាពការងារអប្បបរមា ០២ឆ្នាំ គិតមកដល់ថ្ងៃទី១៣ ខែមេសា នៃឆ្នាំនីមួយៗ។
ដើម្បីធានាឲ្យការដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការស៊ីវិលនៅ រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងឆ្នាំ២០២១ខាងមុខ ដំណើរការរៀបចំបានទាន់ពេលវេលា និងអនុវត្តស្របតាមគោលការណ៍បែបបទ និងនីតិវិធីកំណត់ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដូចខាងក្រោម៖
១៖ ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្ររបស់មន្ត្រីរាជការស៊ីវិល ដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនាពេលកន្លងមក រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថកិច្ច ត្រូវពិនិត្យ និង សម្រេចដាក់ចេញដីកាស្តីពីការដំឡើងថ្នាក់ និងឋានន្តរស័ក្តិប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការស៊ីវិលរបស់ខ្លួនស្របតាមគោលការណ៍ បែបបទ និងនីតិវិធីដែលច្បាប់ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ ដោយឡែកសម្រាប់បុគ្គលិករដ្ឋបាល
ថ្នាក់ក្រោមជាតិ និងសេចក្តីណែនាំពាក់ព័ន្ធខាងលើ បានកំណត់។
២៖ ចំពោះការដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការស៊ីវិល ដែលត្រូវបាន តែងតាំងឲ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន គណៈអភិបាលរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ នាយករដ្ឋបាលសាលារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងស្មៀនឃុំ សង្កាត់ រដ្ឋបាលរាជធានី ខេត្តនីមួយៗត្រូវដំណើរការរៀបចំស្របតាមសេចក្តីណែនាំលេខ ០១២ សណន ស្តីពីការដំឡើងថ្នាក់ និងឋានន្តរស័ក្តិជូនមន្ត្រីរាជការ
ស៊ីវិល ក្រសួងមហាផ្ទៃ ដូចមានចុះក្នុងយោងខាងលើ។
រហូតមកដល់ពេលនេះ រដ្ឋបាលខេត្តមួយចំនួន បានរៀបចំសំណុំឯកសារដំឡើងឋានន្តរស័ក្តិ ថ្នាក់តាមវេនប្រចាំឆ្នាំ២០២១ រួចរាល់ហើយ។ ដោយឡែកសម្រាប់ រដ្ឋបាលរាជធានី ខេត្តផ្សេងទៀតដែលពុំទាន់ បានបញ្ចប់ការរៀបចំសំណុំឯកសារដំឡើងឋានន្តរស័ក្តិ ថ្នាក់តាមវេនប្រចាំឆ្នាំ២០២១ ត្រូវពន្លឿនកិច្ចការនេះ ឲ្យបានរួចរាល់ និងបញ្ជូនមកក្រសួងមហាផ្ទៃ (នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល) ឲ្យបានយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ជាកំហិត។
ចំពោះការដំឡើងថ្នាក់តាមកម្រិតសញ្ញាបត្រ រដ្ឋបាលរាជធានី ខេត្តនីមួយៗត្រូវប្រមូលផ្តុំ និងពិនិត្យឲ្យបានត្រឹមត្រូវច្បាស់លាស់ រួចលើកសំណើ និងបញ្ជូនសំណុំឯកសារ មកក្រសួងមហាផ្ទៃ យ៉ាងយូរត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ដើម្បីក្រសួងពិនិត្យ សម្រេចតាមគោលការណ៍ និងនីតិវិធីកំណត់៕