(ភ្នំពេញ)៖ ក្នុងសប្ដាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៣ទៀត សរុបទុនវិនិយោគ៨.៧លានដុល្លារ។

គម្រោងវិនិយោគទាំងនោះរួមមាន៖

១៖ ក្រុមហ៊ុន NS INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៦កន្លែង។

២៖ ក្រុមហ៊ុន LONSO (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៤៣៥កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតសម្ភារៈ សត្វចិញ្ចឹមគ្រប់ប្រភេទ របស់ក្រុមហ៊ុន CAMBODIAN TIANYUAN DINGWANG PET PRODUCTS CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៨កន្លែង៕