(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ការដែលកម្ពុជាអនុវត្តច្បាប់របស់ខ្លួន ចំពោះជនដែលប្រព្រឹត្តល្មើសច្បាប់ពុំមានអ្វីចម្លែកទេ។

លោក គឹម សន្តិភាព បានលើកឡើងយ៉ាងដូច្នេះថា៖ «អាជ្ញាធរមានសមត្ថកិច្ចក្នុងប្រទេសណាក៏ដោយ គឺមានកាតព្វកិច្ចអនុវត្តនូវមុខការរបស់ខ្លួនក្នុងការបង្រ្កាបបទល្មើស និងអនុវត្តរាល់សេចក្តីសម្រេចរបស់តុលាការ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ! ការដែលកម្ពុជាអនុវត្តច្បាប់របស់ខ្លួនចំពោះជនដែលប្រព្រឹត្តល្មើសច្បាប់ ក៏ពុំមានអ្វីចម្លែកនោះដែរ!»

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្ញើលិខិតមួយទៅ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុត ចំពោះ ទណ្ឌិត សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រកម្ពុជា។

លិខិតរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះសារតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដោយប្រមាថយ៉ាងធ្ងន់ធ្ងរម្តងទៀតចំពោះព្រះមហាក្សត្រកម្ពុជា ដោយមានខ្លឹមសារថា៖ «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់មានទាំងស្តេចទីងមោងផងដែរ»

លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចាត់ទុកថា «ខ្លឹមសារនៃសារដែលឈ្មោះសម រង្ស៉ី បាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស»

លោករដ្ឋមន្រ្តី បានបន្តថា ទង្វើនេះគឺជាការរំលោភបំពានលើរដ្ឋធម្ម នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំ ម្តងរួចម្តងហើយ កាលខែមិថុនា ឆ្នាំ២០១៩ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។