(ប៉ៃលិន)៖ ក្រោយទទួលតំណែងជាអភិបាលខេត្តប៉ៃលិន, លោកស្រី បាន ស្រីមុំ បានដឹកនាំថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលបូតុងអាមេ និងក្រាលកៅស៊ូប្រភេទ DBST ១ខ្សែ នៅភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។
ក្នុងឱកាសនោះដែរ លោកស្រី បាន ស្រីមុំ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងបានខិតខំប្រឹងប្រែងដោះស្រាយរាល់ ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិឱ្យការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រជាដើម។
លោកស្រីអភិបាលខេត្ត បានបន្តថា ផ្លូវ១ខ្សែនេះ គឺជាកត្តាជួយជំរុញសេដ្ឋកិច្ចខ្ពស់នៅពេលដែលយើងស្ថាបនារួចរាល់ ព្រោះនៅតំបន់នេះជាប់ព្រំដែនកម្ពុជា-ថៃ ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញ និងដឹកកសិផលយកទៅលក់នៅទីផ្សារ។
ជាមួយគ្នានេះដែរលោកស្រី បាន ស្រីមុំ ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលនៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវនេះទាំងអស់ សូមមេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានាក្នុងការស្ថាបនាផ្លូវនេះ ឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សាផ្លូវ ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា ផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែនេះ មានប្រវែង ៥,២០០ម៉ែត្រ និងទទឹង ២៥ម៉ែត្រ ក្នុងនោះក្រាលបូតុងអាមេ ប្រវែង ១,៥០០ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣,៧០០ម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង ១០,៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត៕