(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងយោធពលខេមរភូមិន្ទទាំងអស់ ក្នុងទិវាចូលឆ្នាំថ្មីឆ្នាំសកល ២០២១។ នេះបើយោងតាមសារលិខិតជូនពររបស់សម្តេចពិជ័យសេនា ទៀ បាញ់ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ។
ក្នុងសារលិខិតជូនពរ, សម្តេចរដ្ឋមន្ត្រីការពារជាតិ បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងឱកាសដ៏វិសេសវិសាល ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃទិវាចូលឆ្នាំថ្មីឆ្នាំសកល២០២១ តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្ញុំផ្ទាល់ សូមផ្ញើជូននូវការសាកសូរសុខទុក្ខ ដោយក្តីនឹករលឹកនិងជាទីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចនៅតាមស្ថាប័ន កងឯកភាពនានា ក៏ដូចជាសិក្ខាកាមកំពុងសិក្សាជំនាញផ្សេងៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងកងកម្លាំងបំពេញ បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ សូមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ សូមទទួលបាននូវសេចក្តីសុខសប្បាយ សម្រេចបានជោគជ័យនូវភាវកិច្ចថ្មីៗ និងទទួលបានកិត្តិយស កេរ្តិ៍ឈ្មោះជូនជាតិមាតុភូមិយើង»។
នាឱកាសនេះដែរ សម្តេចពិជ័យសេនា បានបន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះ ចំពោះជោគជ័យដ៏ត្រចះត្រចង់ដែលកងយោធពលខេមរភូមិន្ទយើង សម្រេចបាននូវសមិទ្ធផលដ៏ធំធេងក្នុងឆ្នាំកន្លងមក កើតចេញពីការលះបង់ និងការខិតខំពុះពារជម្នះគ្រប់ឧបសគ្គនិងការលំបាក ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិមាតុភូមិ ការពារសន្តិសុខជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន»។
ទន្ទឹមនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានចូលរួមអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចអន្តរជាតិលើវិស័យមនុស្សធម៌ បំពេញបេសកកម្មជាកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្ររបស់ អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជាក្តីមោទនភាព និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រជាជាតិកម្ពុជាយើងទាំងមូល។
ជាថ្មីម្តងទៀតក្នុងទិវាចូលឆ្នាំថ្មីឆ្នាំសកល២០២១នេះ តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្នុងនាមខ្ញុំផ្ទាល់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិនៃយើង។
សូមផ្ញើជូននូវការសួរសុខទុក្ខដល់យោធិនជំងឺ របួស ពិការ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា សូមឱ្យបានឆាប់ជាសះស្បើយពីជំងឺ ព្រមទាំងអតីតយុទ្ធជន និងក្រុមគ្រួសារដែលកំពុងរស់នៅក្នុងសង្គមស៊ីវិល សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងរឹងមាំ និងមានជីវភាពរស់នៅធូរធា និងប្រកបដោយសុភមង្គលរុងរឿង។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏សូមផ្ញើជូនមេបញ្ជាការ មេបញ្ជាការរង គ្រប់ស្ថាប័ន កងឯកភាព នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងយោធពលខេមរភូមិន្ទ ទាំងសិក្ខាកាមដែលកំពុងបំពេញការសិក្សាជំនាញផ្សេងៗនៅតាមបណ្តាប្រទេសជាមិត្ត រួមទាំងកងកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់អង្គការសហប្រជាជាតិព្រមទាំងក្រុមគ្រួសារ សូមប្រកបទៅដោយសេចក្តីសុខជៀសផុតពីគ្រោះនៃការឆ្លងរាលដាលពីជំងឺកូវីដ-១៥ ដ៏កាចសាហាវនេះ ព្រមទាំងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕