(កូរ៉េខាងត្បូង)៖ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ក៏ដូចជាការការពារ និងទប់ស្កាត់ហានិភ័យផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយសចែករំលែកប្រការគួរយល់ដឹងសំខាន់ៗមួយចំនួន អំពីជំងឺគាំងបេះដូង។ នេះបើតាមសេចក្តីណែនាំរបស់ស្ថានទូតខ្មែរប្រចាំកូរ៉េខាងត្បូង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ។

ការចេញសេចក្តីណែនាំនេះ បានធ្វើឡើងក្រោយស្ថានទូតខ្មែរបានចេញសេចក្តីបំភ្លឺព័ត៌មានថា ករណីមានពលការិនីកម្ពុជាម្នាក់ស្លាប់ គឺដោយសារជំងឺក្រិនថ្លើមផ្ទាល់ខ្លួន កាលពីថ្ងៃទី២៤ ខែធ្ន ឆ្នាំ២០២០។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០កន្លងមក ស្ថានទូតបានទទួលព័ត៌មានផ្លូវការពីប៉ូលីសកូរ៉េ អំពីការស្លាប់ពលការិនី ផ្នែកកសិកម្មឈ្មោះ នួន សុខខេង កើតថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៩០ ដែលកាន់លិខិតឆ្លងដែនលេខ N002***** បានទទួលមរណភាពនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៤៖៣០នាទីរសៀល ស្ថិតនៅតំបន់ផូឆន់។

ការចេញសេចក្តីបំភ្លឺនេះ ដោយសារតែស្ថានទូតកម្ពុជាសង្កេតឃើញការចុះផ្សាយព័ត៌មានមួយចំនួន ក្នុងបណ្ដាញសង្គម និងក្នុងបណ្ដាញផ្សព្វផ្សាយក្នុងស្រុក នៅសាធារណរដ្ឋកូរ៉េ អំពីការស្លាប់របស់ពលការិនីខាងលើ ដែលបានលើកហេតុផលផ្សេងៗគ្នា ដែលផ្ទុយពីការពិត និងមានក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់មួយចំនួនតូច បានវាយប្រហារមកលើស្ថានទូតកម្ពុជា ដោយគ្មានមូលដ្ឋាន ភស្ដុតាងត្រឹមត្រូវ ដែលជាចេតនាកេងចំណេញនយោបាយពីការស្លាប់នេះ។

សម្រាប់សេចក្តីណែនាំខាងលើនេះ ស្ថានទូតខ្មែរ បានបញ្ជាក់ដូចខាងក្រោម៖

*ទី១៖ អ្វីទៅជាជំងឺគាំបេះដូង?

ជំងឺគាំងបេះដូង ជាជំងឺមួយប្រភេទដែលពិភពលោកទាំងមូលមានការយកចិត្តទុកដាក់ខ្លាំង ជំងឺគាំងបេះដូង អាចហៅម្យ៉ាងទៀតស្ទះសរសៃឈាមបេះដូងកើតឡើងទៅលើមនុស្សចាស់ ហើយក៏សង្កេតឃើញមានកើតឡើង លើមនុស្សមានវ័យក្មេងផងដែរ ជាពិសេសក្នុងរដូវរងា។

*ទី២៖ រោគសញ្ញានៃជំងឺគាំងបេះដូង

*ចុកទ្រូង
*ថប់ៗដង្ហើម ឬពិបាកដកដង្ហើម
*ក្អួតចង្អោរ ហាក់ដូចជាពុលចំណីអាហារ
*រោយកញ្ចឹងក ខ្នង និងថ្គាម
*ចុកដៃ ស្មា និងពោះ។

*ទី៣៖ វិធីបង្ការជំងឺ

*កុំពិសារគ្រឿងស្រវឹង និងបារី លើសកំណត់
*បរិភោគអារហារឱ្យបានទៀតទាត់ និងបរិភោគអាហារដែលមានជីវជាតិចិញ្ចឹមសារពាង្គកាយគ្រប់គ្រាន់
*ធ្វើលំហាត់ប្រាណឱ្យបានទៀតទាត់ និងរក្សាទម្ងន់កុំឱ្យធាត់ពេក
*សម្រាកឱ្យបានគ្រប់គ្រាន់
*ត្រូវរក្សាបរិមាណជាតិស្ករ និងកូលេស្ដេរ៉ូល(សារធាតុខ្លាញ់នៅក្នុងឈាម) ឱ្យមានលំនឹង
*រក្សាសម្ពាធឈាមឱ្យឋិតនៅកម្រិតធម្មតា (ពី១២០ទៅ១២៩ ដែលគេនិយមហៅថាឈាមត្រឹម១២)
*ចៀសវាងធ្វើឱ្យមានអារម្មណ៍ធុញថប់ ឬស្រេ្តស និងត្រូវចេះគ្រប់គ្រងលើបញ្ហាទាំងនេះ
*ត្រូវត្រួតពិនិត្យសុខភាពឱ្យបានជាប្រចាំរៀងរាល់ ៦ខែម្ដង។

*ទី៤៖ វិធីសង្រ្គោះបឋមសម្រាប់អ្នកជំងឺគាំងបេះដូង

*ត្រូវដាក់អ្នកជំងឺសម្រាកឱ្យបានស្រួល
*ត្រូវទាក់ទងទៅផ្នែកសង្រ្គោះបន្ទាន់ (ហៅទូរស័ព្ទ) ១១៩
*ត្រូវបន្ធូរសម្លៀកបំពាក់កុំឱ្យតឹងពេកតាមដែលអាចធ្វើឱ្យអ្នកជំងឺពិបាកដកដង្ហើម
*ប្រើថ្នាំដែលអ្នកជម្ងឺប្រើជាប្រចាំបើសិនជាមាន
*ត្រូវសង្កត់ដើមទ្រូងរបស់អ្នកជំងឺ ដោយដាក់ប្រអប់ដៃនៅលើទ្រូង ហើយសង្កត់ចុះ (សង្កត់ទ្រូង១៥ដង និងត្រូវផ្លុំខ្យល់ចូលមាត់ ២ដង តាមរបៀប CPR) ហើយត្រូវបន្ដធ្វើរហូតដល់គ្រូពេទ្យសង្រ្គោះបន្ទាន់មកដល់។

អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានឯកអគ្គរាជទូតសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការថែរក្សាសុខភាព និងចូលរួមអនុវត្ត និងជួយផ្សព្វផ្សាយអំពីការថែទាំសុខភាពឱ្យបានទូលំទូលាយជាមួយនឹងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ៕