(ភ្នំពេញ)៖ បញ្ជីឈ្មោះបោះឆ្នោតជាធាតុដ៏សំខាន់មួយសម្រាប់កំណត់ដល់ភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោតជាតិទាំងតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំសង្កាត់។ ចាប់តាំងពីការបោះឆ្នោតអាណត្តិទី១ ឆ្នាំ១៩៩៣ រហូតដល់អាណត្តិទី៥ ឆ្នាំ២០១៣ ការបោះឆ្នោតនៅកម្ពុជា តែងមានការប្រទាំងប្រទិសគ្នាលើលទ្ធផលបោះឆ្នោត។
ក្នុងនោះបញ្ជីឈ្មោះបោះឆ្នោតតែងជាចំណោទបញ្ហាផងដែរ។ ដូចជាករណីឈ្មោះដូចគ្នា ឈ្មោះជាន់គ្នានៅលើបញ្ជីឈ្មោះបោះឆ្នោត។ អ្នកបោះឆ្នោតខ្លះមានឈ្មោះនៅទីនោះផង ហើយនៅទីផ្សេងទៀត។ អ្នកខ្លះលើកឡើងថា ពេលជិតដល់បោះឆ្នោតដឹកមនុស្សពីនេះ ពីនោះមកបោះឆ្នោតជាដើម។
ដោយចង់លុបបំបាត់បញ្ហាប្រទូស្តរាយផ្នែកទស្សនៈលើលទ្ធផលបោះឆ្នោតជាតិម្តងៗនោះ។ នៅក្រោយវិបត្តិធ្ងន់ធ្ងរលើការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តួចផ្តើមគំនិតធ្វើកំណែទម្រង់បោះឆ្នោត ក្នុងនោះរាប់ទាំងការកែលម្អលើបញ្ជីឈ្មោះបោះឆ្នោតផងដែរ។
ក្នុងដំណើរអញ្ជើញទៅប្រទេសជប៉ុន នៅអំឡុងខែធ្នូ ឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋាភិបាលជប៉ុនផ្តល់ទាំងជំនួយថវិកា គំនិត និងបច្ចេកទេស ដើម្បីកែលម្អបញ្ជីឈ្មោះបោះឆ្នោត និងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត។ តាមសំណើ និងឆន្ទៈនេះ រដ្ឋាភិបាលជប៉ុន និងសហភាពអឺរ៉ុប បានផ្តល់ជំនួយប្រមាណ ៥លាន ៥សែនដុល្លារ ដើម្បីការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត រួមទាំងប្រព័ន្ធចុះឈ្មោះបោះឆ្នោតផងដែរ។ ទីបំផុតទៅប្រព័ន្ធចុះបញ្ជីឈ្មោះបោះឆ្នោតដោយប្រើជាមួយបច្ចេកវិទ្យាទំនើបមួយត្រូវបានលេចចេញជារូបរាងឡើង និងដាក់ឱ្យប្រើប្រាស់សម្រាប់ការចុះបញ្ជីឈ្មោះឆ្នោតជាលើកដំបូងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦។
កម្ពុជា បានសម្រេចលុបចោលបញ្ជីឈ្មោះអ្នកបោះឆ្នោតចាស់ ហើយតម្រូវឱ្យពលរដ្ឋគ្រប់អាយុបោះឆ្នោតចាប់ពីអាយុ ១៨ឆ្នាំឡើង ត្រូវទៅចុះឈ្មោះបោះឆ្នោតជាថ្មី ដោយប្តូរពីការចុះឈ្មោះដោយដៃ មកប្រើប្រព័ន្ធបច្ចេកវិទ្យាជំនួសវិញ។
ក្នុងពេលអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាមួយប្រព័ន្ធថ្មីនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅការិយាល័យចុះឈ្មោះបោះឆ្នោតនាក្រុងតាខ្មៅ ខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្លួនខ្ញុំផ្ទាល់បានស្នើសុំទៅលោក ស៊ិនហ្សូ៊ អាបេ របស់ជប៉ុន។ ស្នើសុំឱ្យមានការកែទម្រង់ការបោះឆ្នោតក្នុងនោះ គឺប្រព័ន្ធចុះឈ្មោះបោះឆ្នោតសារជាថ្មីឡើងវិញនេះ ដើម្បីធានាឱ្យការបោះឆ្នោតនេះ បញ្ជីបោះឆ្នោតមានសុក្រឹត្យភាព ហើយកុំឱ្យបក្សនយោបាយខ្លះចេះតែប្រើពាក្យថា បាត់មនុស្ស ឬក៏ខុសនេះខុសនោះ។ យើងចង់ឱ្យមានសុក្រឹត្យភាពច្បាស់លាស់»។
ប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតថ្មី ដែលភ្ជាប់ដោយប្រព័ន្ធបច្ចេកវិទ្យានេះ បានជួយអ្វីខ្លះដល់ភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោត?
ប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីនេះ គឺសំខាន់ណាស់សម្រាប់ការគ្រប់គ្រងវត្តមានរបស់អ្នកបោះឆ្នោត និងជួយលុបបំបាត់នូវការលើកឡើងថា មនុស្សម្នាក់អាចទៅបោះឆ្នោតនៅច្រើនកន្លែង និងបញ្ហាឈ្មោះស្ទួនជាដើម។ ប្រព័ន្ធថ្មីបានបង្កើតនូវភាពសុក្រឹតមួយលើទិន្នន័យរបស់អ្នកបោះឆ្នោត ដោយប្រព័ន្ធនេះមិនអនុញ្ញាតឱ្យមានឈ្មោះស្ទួននោះឡើយ ពោលមនុស្សម្នាក់អាចមានឈ្មោះតែមួយប៉ុណ្ណោះនៅក្នុងប្រព័ន្ធ។ បើអត្តសញ្ញាណដូចគ្នា គឺប្រព័ន្ធមិនអនុញ្ញាតឡើយ។
ប្រព័ន្ធថ្មីជួយសម្រួលឱ្យអ្នកបោះឆ្នោតអាចតាមដានឈ្មោះរបស់ពួកគេនៅក្នុងប្រព័ន្ធដោយងាយស្រួល។ អ្នកមានបញ្ហាលើបញ្ជីឈ្មោះរបស់ខ្លួន អាចតវ៉ាបានជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានជារៀងរាល់ឆ្នាំ នៅពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរៀបចំការចុះឈ្មោះអ្នកបោះឆ្នោត ឬពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនោះ។
ប្រព័ន្ធថ្មី ក៏ជួយគណៈកម្មាធិការជាតិ តាមដានបានច្បាស់លាស់នូវការបំលាស់ទី អ្នកទទួលមរណភាពជាដើម ហើយឈានទៅលុបឈ្មោះចេញពីបញ្ជីជាដើម។ និយាយជារួមប្រព័ន្ធបញ្ជីឈ្មោះបោះឆ្នោតថ្មីភ្ជាប់ដោយបច្ចេកវិទ្យានេះ បានធ្វើឱ្យមានភាពច្បាស់លាស់ និងសុក្រឹតលើទិន្នន័យរបស់អ្នកបោះឆ្នោត ដែលជួយផ្តល់ទំនុកចិត្តនៅពេលបោះឆ្នោតដោយមិនមានការលើកឡើងថា មនុស្សម្នាក់បោះបានច្រើនដង ឬច្រើនកន្លែងនោះ។
ការកសាងបានបញ្ជីឈ្មោះអ្នកបោះឆ្នោតមួយដ៏ច្បាស់លាស់នេះ ជាកិច្ចខិតខំដ៏ខ្លាំងក្លាមួយរបស់សម្តេចតេជោ ហ៊ុន សែន ហើយក៏ជាការធ្វើកំណែទម្រង់ដ៏ធំផងដែរ ក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា ដើម្បីនាំមកនូវទំនុកចិត្តលើប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងបញ្ចៀសបាននូវបញ្ហាខ្វែងគំនិត និងទស្សនៈ ដែលតែងកើតមានរាល់ពេលបោះឆ្នោតនៅកម្ពុជានោះ។
ការផ្តួចផ្តើមកសាងប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធបច្ចេកវិទ្យានេះ នៅឆ្នាំ២០១៩ អង្គការខុមហ្វ្រែល បានវាយតម្លៃថា បញ្ជីឈ្មោះបោះឆ្នោតនៅកម្ពុជា មានភាពល្អប្រសើររហូតដល់ទៅ ៩៩.៧ភាគរយ។
ចេញពីការកសាងបញ្ជីឈ្មោះបោះឆ្នោតដ៏ល្អនេះ បានកសាងទំនុកចិត្តដល់ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ផងដែរ។ អាចនិយាយបានថា ក្រោយការកសាងបញ្ជីឈ្មោះអ្នកបោះឆ្នោតមួយដ៏ច្បាស់លាស់ និងត្រឹមត្រូវលែងនាំឱ្យមានបាតុភាព ឬការតវ៉ានៅក្រោយការបោះឆ្នោតសម្រាប់ឆ្នាំ២០១៧ និង២០១៨។
ចាប់តាំងពីឆ្នាំ២០១៦មក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតែងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតជារៀងរាល់ឆ្នាំ ដោយការចុះឈ្មោះអ្នកគ្រប់អាយុ លុបឈ្មោះ និងកែទិន្នន័យរបស់អ្នកបានចុះហើយមួយចំនួន។
នៅឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា។
ដំណើរចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតរយៈពេល១៩ថ្ងៃនេះ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីចំនួន ២៦៨,៥៥៣នាក់ ស្មើនឹង ៨៩.៤០ភាគរយ បើធៀបទៅនឹងផែនការអ្នកចុះឈ្មោះបោះឆ្នោតថ្មី ក្នុងចំនួនប្រមាណ ៣០០,៣៩០នាក់។
ជាមួយគ្នានេះ គ.ជ.ប បានសម្រេចលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតចំនួន ១៥២,០០៤នាក់ កែតម្រូវទិន្នន័យចំនួន ៩២,៨២២នាក់ និងអ្នកផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី ចំនួន ៨៨,៨៤៦នាក់។
មកដល់ពេលបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរដែលគ្រប់អាយុបោះឆ្នោត ហើយបានចុះឈ្មោះបោះឆ្នោតមានចំនួន ៨,៨៣១,៩៨៨នាក់៕