(សហរដ្ឋអាមេរិក)៖ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក រយៈពេលពីរថ្ងៃ (១៥-១៦ ខែកុម្ភៈ) នៅទឹកដីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក បានបញ្ចប់ ប្រកបដោយភាពជោគជ័យ។

ក្នុងនាមប្រមុខរដ្ឋ/រដ្ឋាភិបាល នៃសមាជិកទាំងអស់ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិក បានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយមានចំនួន១៧ចំណុច។ សូមអានខ្លឹមសារដូចខាងក្រោម៖​

 

សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលពិសេស មេដឹកនាំអាស៊ាន-អាមេរិក

សាន់នីឡែនស៍ (Sunnylands), កាលីហ្វរញ៉ា (California)

យើងខ្ញុំ ក្នុងនាមប្រមុខរដ្ឋ/រដ្ឋាភិបាល នៃសមាជិកទាំងអស់ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន និង សហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នានៅទីក្រុង សាន់នីឡែនស៍ នៃរដ្ឋកាលីហ្វរញ៉ា ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីបើកកិច្ចប្រជុំកំពូលពិសេស នៃមេដឹកនាំទាំងអស់។ កិច្ចកំពូលពិសេសរវាងមេដឹកនាំអាមេរិក និងអាស៊ាននេះ បានក្លាយជាលើកទី១ ហើយនៅក្នុងការរៀបចំនៅសហរដ្ឋអាមេរិក វាក៏ជាកិច្ចប្រជុំកំពូលដំបូងបង្អស់ ចាប់តាំងពីការបង្កើតសហគមន៍អាស៊ានផងដែរ។

កិច្ចប្រជុំកំពូលនេះ បានបញ្ជាក់ច្បាស់ពីឆ្នាំថ្មីសម្រាប់អាស៊ាន និងសម្រាប់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ អាមេរិក-អាស៊ាន ដែលកំពុងតែកើនឡើងផងដែរ។ នៅឆ្នាំ២០១៥ ប្រទេសសមាជិកអាស៊ាន បានប្រារព្ធពិធី បង្កើតសហគមន៍អាស៊ាន ដើម្បីដើរតួនាទីរួមគ្នា នៅក្នុងអាស៊ាន ដែលអាចលើកស្ទួយការរីកចំរើន នៃប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

នៅឯកិច្ចប្រជុំកំពូលរបស់យើង ក្នុងទីក្រុងគូឡាឡាំពួរ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ យើង​បានជម្រុញពីចំណងមិត្តភាពរវាង អាមេរិក-អាស៊ាន ឲ្យទៅជាដៃគូយុទ្ធសាស្ត្រ ដែលជាការទទួលស្គាល់នូវការផ្លាស់ប្តូរចំណងមិត្តភាពរបស់យើងទាំងពីរ នៅអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលពិសេសនេះ យើងខ្ញុំ ទាំងឡាយជាប្រមុខរដ្ឋ/រដ្ឋាភិបាល នៃប្រទេសសមាជិករបស់អាស៊ាន និង សហរដ្ឋអាមេរិក សូមយកពេលវេលា នេះដើម្បីបញ្ជាក់ឡើងវិញ ទៅលើគោលការណ៍គន្លឹះៗ ដែលនឹងដឹកនាំកិច្ចសហប្រតិបត្តិការរបស់យើង ឲ្យដើរ ឆ្ពោះទៅមុខ។

១៖ ការគោរពគ្នាទៅវិញទៅមក លើអធិបតេយ្យភាព, បូរណភាពដែនដី, ភាពស្មើគ្នា និងសេរីភាពនយោបាយចំពោះប្រជាជាតិទាំងអស់តាមរយៈ ការលើកកម្ពស់គោលការណ៍ និង គោលដៅនៃធម្មនុញ្ញរបស់អង្គការ សហប្រជាជាតិ, ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ។

២៖ សារៈសំខាន់នៃការចែករំលែកវិបុលភាព, ចីរភាព, ការអភិវឌ្ឍ និងរីកចំរើនជាចង្កោម, និង ការអប់រំយុវវ័យ របស់យើងឲ្យបន្ត រក្សានិរន្តភាព សន្តិភាព, ការអភិវឌ្ឍ និងស្ថិរភាពដើម្បីផលប្រយោជន៍ទៅវិញទៅមក។

៣៖ ការទទួលស្គាល់ទៅវិញទៅមកនូវសារៈសំខាន់ នៃការស្វែងរកនយោបាយនានា ដែលអាចដឹកនាំទៅរក សន្ទុះ, ការបើកទូលាយ, និង សេដ្ឋកិច្ចប្រកបដោយការប្រកួតប្រជែង ដែលជម្រុញកំណើនសេដ្ឋកិច្ច, ការបង្កើតការងារ, ការបង្កើតអ្វីដែលថ្មី, សហគ្រិនភាព និង ការផ្សារភ្ជាប់, និងដែលជាការគាំទ្រសហគ្រាសធុនតូច និង មធ្យម (SMEs) និងបង្រួមគម្លាតនៃការអភិវឌ្ឍ។

៤៖ ការប្តេជ្ញារបស់យើង ក្នុងការធានានូវឱកាសទាំងឡាយ សម្រាប់ប្រជាជនរបស់យើង តាមរយៈការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ, លើកស្ទួយអភិបាលកិច្ចល្អ និងមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាព ព្រមទាំងប្រកាន់ខ្ជាប់ នូវការគោរពច្បាប់, ការលើកទឹកចិត្តឲ្យមានការលើកស្ទួយ ភាពអត់ឱន និង អធ្យាស្រ័យ, និង កិច្ចការពារបរិស្ថាន។

៥៖ គោរព និងគាំទ្រដល់ភាពជាកណ្តាលរបស់អាស៊ាន និងយន្តការនានាដែលដឹកនាំដោយអាស៊ាន នៅក្នុងចលនាស្ថាបត្យកម្មនៃតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។

៦៖ ការប្រកាន់យ៉ាងមុតមាំ ទៅលើការអនុវត្តច្បាប់ប្រចាំតំបន់ និង សណ្តាប់ធ្នាប់អន្តរជាតិ ដែលជាការជ្រោមជ្រែង និង ការពារសិទ្ធិ ព្រមទាំង អត្ថប្រយោជន៍នៃរដ្ឋទាំងអស់។

៧៖ ការប្តេជ្ញារួមគ្នាទៅរកដំណោះស្រាយជម្លោះ ប្រកបដោយសន្តិវិធី ក្នុងនោះរួមមានការគោរពយ៉ាង ពេញលេញទៅលើដំណើរការការទូតដោយស្របច្បាប់ ដោយមិនមានការប្រើប្រាស់ការគម្រាមកំហែង ឬ កម្លាំងបាយ ដោយយោងទៅលើច្បាប់សមុទ្រដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និង អនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) កាលពីឆ្នាំ ១៩៨២។

៨៖ ការប្តេជ្ញារួមគ្នា ដើម្បីពង្រីកសន្តិភាព, សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់, ធានាការសន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ដែលក្នុងនោះ រួមមានសិទ្ធិ និងសេរីភាពនៃការចល័តនាវា និងយន្តហោះ និងច្បាប់នានា ដែលពាក់ព័ន្ធនឹងបញ្ហាសមុទ្រ។ មិនមានការរាំងការធ្វើនាវាចរណ៍លើ វិស័យពាណិជ្ជកម្ម ដូចមានបញ្ជាក់នៅក្នុងអនុញ្ញាសញ្ញាអន្តរជាតិស្តីពីសមុទ្រ (UNCLOS) ក៏ដូចជាការមិនប្រើប្រាស់យោធា និងកងកម្លាំងនៅក្នុងការ ប្រព្រឹត្តទង្វើរារាំងនានា។

៩៖ ការប្តេជ្ញារួមគ្នា ក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការទៅលើការដោះស្រាយបញ្ហាប្រឈមចាំបាច់ នៃដែននាវាចរ។

១០៖ ការដោះស្រាយឲ្យបានមុតមាំ ទៅលើបញ្ហាសកល ដូចជាភេរវកម្ម និង អំពើហិង្សាដោយពួកជ្រុលនិយម, ការជួញដូរមនុស្ស, ការជួញដូរគ្រឿងញៀន, និង អំពើល្មើសច្បាប់, ការមិនបានរាយការណ៍, និងការនេសាទដោយគ្មាការអនុញ្ញាត, ក៏ដូចជាការជួញដូរខុសច្បាប់សត្វព្រៃ និង អនុផលព្រៃឈើ។

១១៖ ការប្តេជ្ញារួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និង ស្តារអាកាសធាតុឡើងវិញ, បរិស្ថាន អាស៊ានប្រកបដោយនិរន្តរភាព, ក៏ដូចជាការអនវត្តនូវការ សន្យារបស់ប្រទេសនីមួយៗ នីក្នុងកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស។

១២៖ ការប្តេជ្ញារួមគ្នាក្នុងការលើកស្ទួយសន្តិសុខ និង ស្ថិរភាពប្រព័ន្ធអ៊ិនធឺណែត ដោយអនុវត្តន៍តាមច្បាប់ និងបទដ្ឋានប្រកប ដោយទំនួលខុសត្រូវពីបណ្តារដ្ឋ។

១៣៖ គាំទ្រសម្រាប់ការ ធ្វើឲ្យមានភាពខ្លាំងក្លា, ស្ថិរភាព, នយោបាយប្រកបដោយឥទ្ធិពល, កិច្ចសហការផ្នែកសេដ្ឋកិច្ច, ទំនួលខុសត្រូវសង្គម, តម្រង់ទិសប្រជាជន, ដឹកនាំប្រជាជន និង សហគមន៍អាស៊ានប្រកបដោយមូលដ្ឋានច្បាប់។

១៤៖ ការប្តេជ្ញារួមក្នុងការពង្រឹង និងពង្រីកការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈកម្មវិធីដែលផ្សាភ្ជាប់ប្រជាពលរដ្ឋអាស៊ាន និងអាមេរិក ជាពិសេសមនុស្សវ័យក្មេង និងលើកស្ទួយឱកាសសម្រាប់ប្រជាជនគ្រប់គ្នា ជាពិសេសអ្នកដែលមានសមត្ថភាព ដើម្បីបំពេញឲ្យបានតាម គោលដៅរបស់សហគមន៍អាស៊ាន។

១៥៖ ការប្តេជ្ញារួមគ្នាក្នុងការលើកស្ទួយ ភាពជាដៃគូសកលមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការប្រតិបត្តិតាមរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍដោយចរីភាព និងរបៀបវារៈសកម្ម ទីក្រុង អាដឌីស អាបាបា (Addis Ababa) ក្នុងការធានាឲ្យបាននូវនិរន្តរភាព, សមធម៌ និងសង្គមចំរុះ ដែលគ្មាននរណាម្នាក់ត្រូវបាន គេបោះបង់ចោលនោះទេ។

១៦៖ ការប្តេជ្ញារួមគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ នៅវេទិកាថ្នាក់តំបន់ និងអន្តរជាតិ ជាពិសេសយន្តការ ដឹកនាំដែលមានស្រាប់របស់អាស៊ាន។

១៧៖ ការប្តេជ្ញាក្នុងការបន្ត កិច្ចសន្ទនានយោបាយ ថ្នាក់ប្រមុខរដ្ឋ/រដ្ឋាភិបាល តាមរយៈការចូលរួមរបស់ មេដឹកនាំ នៅ​ឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាមេរិក-អាស៊ាន និង កិច្ចប្រជុំកំពូលអាស៊ីបូព៌ា៕