(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការ មិនមានរកឃើញករណីឆ្លងកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ ខណៈជំងឺកូវីដ១៩ ម្នាក់ថែមទៀត បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
អ្នកជាសះស្បើយ គឺជាស្ត្រីជនជាតិខ្មែរ អាយុ៤៥ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាម្តាយមីរបស់បុរស អាយុ៣៦ឆ្នាំ ដែលបានជាសះស្បើយ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ ស្ត្រីខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៦៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៥៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៨នាក់។ សម្រាប់អ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» មានចំនួន ៤១នាក់ ក្នុងអ្នកព្យាបាលជាសះស្បើយចំនួន ៣៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤នាក់៕